ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់អោយដឹងថា, ជ្រូកព្រៃស្ថិតក្នុងប្រភេទមានដោយបង្គួរព្រោះវាមានអត្រាខ្ពស់ក្នុងការបង្កកំណើត។ ជ្រូកព្រៃមានវត្តមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងមានការរីកសាយភាយ។ ជ្រូកព្រៃក៏មានវត្តមាននៅស្ទើរគ្រប់តំបន់នៅលើពិភពលោក។ មិនមានទិន្នន័យច្បាស់លាស់ថានៅលើពិភពលោក មានសត្វជ្រូកព្រៃប៉ុន្មានឡើយ តែសត្វជ្រូកព្រៃត្រូវបានគេវាយតម្លៃថាមានចំនួនច្រើន និងមានស្ថេរភាពនៅតាមតំបន់ការពារធម្មជាតិ។ កម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់ពីចំនួនសត្វជ្រូកព្រៃនៅទូទាំងប្រទេសនៅឡើយទេ។
លោករដ្ឋលេខាធិការបានបន្តថា, តែយោងតាមរបាយការណ៍សិក្សារវាងក្រសួងបរិស្ថាននិងអង្គការ WCS និងអង្គការ WWF ចេញផ្សាយនៅឆ្នាំ២០២០ គ្រាន់តែនៅ ដែនជម្រកសត្វព្រៃកែវសីម៉ា មានវត្តមានសត្វជ្រូកព្រៃប្រមាណ ១១៦០ ក្បាល ដែនជម្រកសត្វព្រៃស្រែពកមានប្រមាណ ២១៧០ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេចមានប្រមាណ ១៨៤៨ ក្បាល។ នៅតាមតំបន់ការពារធម្មជាតិផ្សេងទៀត ត្រូវបានកត់សម្គាល់ថាមានវត្តមានជ្រូកព្រៃកើនឡើង ដោយសារតែការការពារនិងអភិរក្សតំបន់ការពារធម្មជាតិដែលជាទីជម្រក កន្លែងរកចំណី និងប្រភពទឹករបស់វាបានល្អប្រសើរ។
លោកថ្លែងថា, ជ្រូកព្រៃជាសត្វដែលមានសម្បុរប្រែប្រួលទៅតាមវ័យ។ ពេលនៅតូចវាមានសម្បុរប្រផេះឬត្នោត និងប្រែទៅជាពណ៌ប្រផេះសុទ្ធនៅពេលវាមានអាយុ ៥ ឆ្នាំទៅ។ ជ្រូកបាមានកន្ទុយបះត្រង់ទៅក្រោយ ឬបះត្រង់ទៅលើ ឯជ្រូកព្រៃមេមានកន្ទុយសំយ៉ុងចុះក្រោម។ ជ្រូកព្រៃមានចង្កូមមួយគូដុះលូតចេញជាខ្នាយស្រួច ជួនកាលខ្នាយស្រួចនោះកោងខុបចុះក្រោមជារង្វង់ ដែលជាអាវុធដ៏សំខាន់សម្រាប់ការពារខ្លួន និងសម្រាប់ឈ្មួសដី។ ជ្រូកព្រៃមានវិញ្ញាណវៃបំផុតដោយប្រើច្រមុះ និងត្រចៀក។
ជ្រូកព្រៃដោយញីឈ្មោលនៅខែវិច្ឆិកា ហើយក្រោយពីមានពពោះរយៈពេល ៥ ខែ ជ្រូកមេអាចផ្តល់កំណើតឱ្យកូនពី ៤ ទៅ ៨ ក្បាល និងលើកបន្តបន្ទាប់ពី ១៥ ទៅ ១៧ ក្បាល និងបំបៅដោះពី ៣ ទៅ ៤ ខែ។ សត្វជ្រូកព្រៃញីអាចបន្តពូជបានពីអាយុ ៦ ទៅ ៧ ខែ។ អាយុកាលរបស់ជ្រូកព្រៃពី ១០ ទៅ ១២ ឆ្នាំ និងខ្លះរហូតដល់ ២០ ឆ្នាំ៕
ដោយ, សិលា