ភ្នំពេញ៖ ដោយទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បាននាំយកផលិតផលក្លែងក្លាយ មានសារធាតុពុល និងទំនិញខូចគុណភាពសរុបប្រមាណ ៤៩តោន ៩៨៦គីឡូក្រាម ដែលមន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញបង្ក្រាបបានក្នុងរយៈពេលកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងពិធីនេះ ដោយមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោផងដែរ។ ចំណែកទំនិញទាំងនោះមានដូចជា៖
– ផលិតផលអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ ។
-ស្រាស និងស្រាទំពាំងបាយជូ ដែលរឹបអូសបានក្នុងករណីពុលស្រា បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស៣នាក់ នៅរាជធានីភ្នំពេញ ចំនួន៣៤៧យួរ និង៧៦ ប៊ីដុង ស្មើ ៤ ២៧៥ លីត្រ។
-ផលិតផលម្ហូបអាហារខូចគុណភាព ដែលរឹបអូសបានពីបណ្តាទីផ្សារនិងឃ្លាំងស្តុកទំនិញ ចំនួន ៣៥៨គីឡូក្រាម។
សូមជម្រាបដែរថា មន្ត្រីក.ប.ប. កាលពីថ្ងៃទី៥ ខែវិច្ឆិកា ក្រោយពីបានបន្តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ក៏បានរកឃើញនូវទំនិញមួយចំនួន ដូចជា៖ ភេសជ្ជកំប៉ុង នំនិងស្ករគ្រាប់ ម្សៅទឹកដោះគោ និងម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រេីប្រាស់ សរុបចំនួន ១២៧.៧០គីឡូក្រាម។
បន្ទាប់ពីរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោល។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញមិនអនុលោមដែលធ្វើឱ្យប៉ះពាល់សុខុភាពសាធារណៈ៕ ដោយ៖សហការី