យ៉ាងហោចណាស់មានមនុស្ស ៩១នាក់ស្លាប់ក្នុងរដ្ឋធានី Sierra Leone ក្រោយរថយន្តដឹកប្រេងដែលជួបគ្រោះថ្នាក់ បុកជាមួយរថយន្តក្រុង។
នៅលើបណ្តាញសង្គមហ្វេសប៊ុក អភីបាលក្រុង លោក Yvonne Aki-Sawyerr បានឲ្យដឹងថាជនរងគ្រោះបាននាំគ្នាទៅដួសយកប្រេងពីរថយន្តស៊ីទែនដឹងប្រេងជួបគ្រោះថ្នាក់នៅផ្លូវ Bureh Read ស្ថិតនៅក្នុងតំបន់ប្រជុំជន Wellington ។ ក្នុងពេលកំពុងប្រជែងគ្នាយកប្រេងសាំង ស្រាប់តែរថយន្តស៊ីទែនផ្ទុះឆេះតែម្តង។
លោក Brima Bureh Sesay មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយប្រទេស Sierra Leone បានឲ្យដឹងថា «សាកសពត្រូវឆេះខ្លោចមិនអាចកំណត់អត្តសញ្ញាណ នោះជាគ្រោះថ្នាក់ដ៏រន្ធត់បំផុត»។ អណ្តាតភ្លើងក៏បានរាលដាលឆេះផ្ទះពលរដ្ឋ ជាច្រើខ្នងនៅក្នុងតំបន់ផងដែរ។
នៅពេលនេះគេមិនទាន់ដឹងពីកម្រិតនៃការខូចខាតបណ្តាលមកពីការផ្ទុះឆេះខាងលើនៅឡើយទេ។ កម្លាំងប៉ូលិស និងនាយករដ្ឋាគ្រប់គ្រងគ្រោះមហន្តរាយបានទៅដល់កន្លែងកើតហេតុដើម្បីដោះស្រាយស្ថានការណ៍។
ក្នុងពេលគ្រោះថ្នាក់ ប្រធានាធិបតី Siarra leone លោក Julius Maadabio ស្ថិតនៅក្នុងប្រទេសស្គុតឡែន ចូលរួមកិច្ចប្រជុំស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី ៦ខែវិច្ឆិកា។ នៅលើបណ្តាញសង្គមប្រធានាធិបតីបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយរដ្ឋាភិបាលនិងធ្វើគ្រប់យ៉ាងដើម្បីជួយដល់គ្រួសាររងគ្រោះ៕ដោយ៖សាធី
រូបថត៖Twitter.