ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មានបច្បាស់ការណ៍ពីមន្រ្តីជាន់ខ្ពស់គយប្រចាំខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា នៅថ្ងៃស្អែក(២២ ខែកក្កដា) នៅក្រុងប៉ោយប៉ែត និងមានពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិក្រុងប៉ោយប៉ែត ប្តូរលោក ឈួន ហៃ បច្ចុប្បន្ន ប្រធានការិយាល័យគយច្រកអន្តរជាតិប៉ោយប៉ែត ជំនួសដោយលោក ហ៊ុយ សុជាតិ អនុប្រ ធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង ។
ការផ្លាស់ប្តូរមុខតំណែងប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតនោះ គេមិនដឹងថា តើលោក ឈួន ហៃ គាត់មានកំហុស និងការងារ ឬយ៉ាងណានោះទេ ។ ការផ្លាស់ប្តូរមុខតំណែងលោក ឈួន ហៃ នោះដែរ ត្រូវបានមតិមហាជនលើកឡើងនិង ដាក់ការសង្ស័យថា ទំនងជាថ្នាក់លើដកសេចក្តីទុកចិត្តពីលោក ឈួន ហៃ អាចនិងជាប់ ពាក់ព័ន្ធ រឿងរ៉ាវបង្កផ្ទុះអំពើហិង្សាបាតុកម្មរបស់កម្មករអូសរទេះ នៅខាងមុខស្នាក់ការ ការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីចុងខែ ឧសភា ឆ្នាំ២០១៥ ដែលបានទាមទារឱ្យមានការបន្ធូរបន្ថយពន្ធដឹកទំនិញនាំចូលតាមច្រកអន្តរជាតិប៉ោយប៉ែតរបស់ពួកគាត់នោះ ។
ការផ្ទុះអំពើហិង្សារបស់កម្មករអូសរទេះនៅពេលនោះដែរ ត្រូវគេមើលឃើញថា បង្កឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជននៅស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែតជាង១ម៉ឺនដុល្លារ និងធ្វើឱ្យខាតបង់ ចំណូលពន្ធរដ្ឋសម្រាប់១ថ្ងៃនោះមានចំនួន១,៥០០លានរៀលផងដែរ ។
ជុំវិញនៃការផ្លាស់ប្តូរមុខតំណែង ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត លោក ថោង សុខាំភូ ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា នៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ គឺពិតជាមានការផ្លាស់ប្តូរ លោកប្រធានការិ យាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតនោះមែន។
លោកបញ្ជាក់ឱ្យដឹងទៀតថា ការផ្លាស់ប្តូរមុខតំណែងប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតជាគោលការណ៍របស់ថ្នាក់លើ ដោយសារលោក ឈួន ហៃ ត្រូវចប់អាណត្តិការងារ ហើយលោក ឈួន ហៃ នឹងត្រូវផ្លាស់ប្តូរទៅកាន់មុខតំណែង ជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវនោះវិញ ។
សូមបញ្ជាក់ថា លោក ឈួន ហៃ ត្រូវគេនិយាយថា បានមកបំពេញការងារជាប្រធានការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត មានរយៈប្រហែលពេលជាង២ឆ្នាំ ជំនួស លោក ជួប អេន អតីតប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ដែលត្រូវចូលនិវត្តន៍នោះ ។ ក្នុងឡុងនៃការដឹកនាំរបស់លោក ឈួន ហៃ ប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតត្រូវគេនិយាយថា លោកបានរិតបណ្តឹងទៅលើការបង់ពន្ធការនាំទំនិញអូសតាមរទេះរបស់កម្មករពីប្រទេសថៃ ចូលប្រទេសកម្ពុជា ។
ការរឹតបន្តឹងនោះធ្វើឱ្យមានប្រឈមដាក់គ្នារវាងកម្មកអូសរទេះ នឹងគយ ច្រកអន្តរជាតិប៉ោយប៉ែត ហើយកន្លងមក បានផ្ទុះបាតុកម្ម២ទៅ៣លើក មកហើយរបស់កម្មករអូសរទេះ ប្រឆាំងនឹងគយច្រកអន្តរជាតិប៉ោយប៉ែត ដោយសារតែការរឹតបណ្តឹងបង់ពន្ធទំនិញបែបនោះ ។ ពាក់ព័ន្ធនិងការផ្លាសប្តូរនិងផ្ទេរមុខតំណែង ប្រធានការិយាល័យគយច្រកអន្តរជាតិប៉ោយប៉ែត អ្នកយកព័ត៌មាននគរវត្តមិនអាចរកការសុំបំភ្លឺបាននោះទេ ពីលោក ឈួន ហៃ ៕ វិច្ឆិកា