ខេត្តសៀមរាប៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នាប្រមាណជា៣នាក់ និងកាំភ្លើងវែងខ្លីចំនួន០២ដើមបានចូលបាញ់ប្លន់ផ្ទះលក់អីវ៉ាន់ចាប់ហួយ បណ្ដាលឲ្យម្ចាស់ផ្ទះម្នាក់រងរបួស រួចយកលុយ១២៥០០ដុល្លារ និងប្រាក់បាត៣ម៉ឺនបាត ព្រមទាំងគ្រឿងអលង្ការអស់មួយចំនួនទៀតហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង២១ និង០០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នៅក្នុងភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការ នគរបាលស្រុកពួកបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះម៉ន ម៉ុយ ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ មួន ម៉ាច អាយុ៣៤ឆ្នាំ និងក្មួយប្រុសមា្នក់ឈ្មោះ ប៉ោង ត្រា អាយុ២៣ឆ្នាំបាន រងរបួសដោយគ្រាប់កាំភ្លើងចំភ្លៅខាងស្តាំ ត្រូវបានក្រុមគ្រួសារដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។
លោកបានបន្តថា សម្ភារដែលបាត់បង់ក្នុងករណីនេះមាន៖ ប្រាក់បាតចំនួន៣ម៉ឺនបាតប្រាក់ខ្មែរចំនួន៣០លានរៀល, ប្រាក់ដុល្លារចំនួន៥ពាន់ដុល្លារ, ចិញ្ចៀនមាស១វង់ ទម្ងន់១ជី, ទូរស័ព្ទដៃ១គ្រឿង។ បន្ទាប់ពីបាញ់ប្លន់យកគ្រឿងអលង្ការ និងប្រាក់ច្រើនសន្ធឹកសន្ធាប់រួចមកក្រុមចោរប្លន់ប្រដាប់អាវុធបានគេចខ្លួនដោយសុវត្ថិភាព។ ប៉ុន្ដែទោះជាយ៉ាងណាលោកអធិការបានបន្តថា ក្រុមចោរប្លន់មានគ្នា៣នាក់ កាន់កាំភ្លើងAK១ដើម កាំភ្លើងខ្លី១ដើម និងដែកស្បែង១ដើម។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងខិតខំធ្វើការស្រាវជ្រាវនិងចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លួវច្បាប់។ កន្លងមកសមត្ថកិច្ចមួយចំនួន នៅតាមបណ្ដាស្រុកផ្សេងៗត្រូវបានដកពីតួនាទីក្រោយមានការបាញ់ប្លន់បាញ់បោះដោយសេរីដែលផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕
ដោយ៖ ជានិរន្ដរ៍