ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាលបង្កដោយគ្រួសារមួយប្រើអំពើហិង្សាព្រួតគ្នាវាយខណៈដែលជនរងគ្រោះ២នាក់ប្តីប្រពន្ធបានលេងគប់ទឹកគ្នា។
អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជួល ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ភាគីទី១មានគ្នា២នាក់ដែលប្តីឈ្មោះ វ៉ន វេត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគួកជេម៉ូតូ(រងរបួសបែកក្បាល) ចំណែកប្រពន្ធ ឈ្មោះ ហេង សុីណា អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ចំណែកភាគីម្ខាងទៀតមានគ្នា៤នាក់គឺទី១មានឈ្មោះឈឿន វ៉ាន់នី អាយុ៣០ឆ្នាំ ភេទស្រី មុខរបររោងចក្រ ទី២ ឈ្មោះ ឈួន សុខហៀង ភេទស្រី អាយុ២៦ឆ្នាំ មុខរបររោងចក្រ ទី៣ឈ្មោះ សម អូន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ ទី៤ឈ្មោះ ឈួន វ៉ាន់រត្ន័ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររោងចក្រ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនៅក្នុងភូមិខាងលើគេកំពុងតែលេងគប់ទឹកគ្នាហើយមានប្ដីប្រពន្ធរងគ្រោះខាងលើបានចូលរួមលេងដែរ ហើយពេលនោះគប់ដាក់គ្នាទៅវិញទៅមកក៏បណ្ដាលឲ្យខ្ទាតទឹកទៅប៉ះចំគ្រួសារមួយដែលមានគ្នា៤នាក់នោះ ពេលនោះគ្រួសារខាងលើបានប្រកាន់ហើយក៏បង្កជាទំទាស់ពាក្យសម្ដីគ្នាក៏ឈានដល់ប្រើអំពើហិង្សារបណ្តាលឲ្យភាគី២នាក់ប្តីប្រពន្ធនោះបណ្តាលឲ្យប្តីរងរបួសបែកក្បាល។ លុះក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានធ្វើការឃាត់ខ្លួនភាគីទាំងសងខាងបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌសែនសុខ ដោយឡែកអ្នកដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈដើម្បីធ្វើការព្យាបាល។
បច្ចុប្បន្នភាគីទំនាស់ទាំង២កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕
ដោយ៖ តុង សីហា