រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានឱ្យដឹងថា ចាំបាច់ត្រូវតែតភ្ជាប់កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអុីរ៉ង់ ពឹងផ្អែកទៅលើអ្វីដែលបានពិភាក្សានៅថ្ងៃទី២០ខែមិថុនា ជាពេលវេលាដែលផ្អាកកិច្ចពិភាក្សា។
នៅក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសបារាំង ក្រោយពេលដែលរដ្ឋមន្ត្រីការបរទេស Le Drian បានជួបពិភាក្សាជាមួយសមភាគីអុីរ៉ង់លោក Hossein Amir Abdollahian ស្តីពីការតភ្ជាប់កិច្ចពិភាក្សាលើកម្មវិធីបរមាណូ ដែលបានខកខាន។ នៅក្នុងជំនួប លោក Le Drian ក៏បានបញ្ជាក់ថាចំណុចសំខាន់បំផុតនោះគឺអុីរ៉ង់ចាំបាច់ត្រូវតែសហការគ្រប់ជ្រុងជ្រោយជាមួយអង្គការ IAEA ។
កាលពីខែមេសាកន្លងមក អុីរ៉ង់ និងភាគីពាក់ព័ន្ធបានតភ្ជាប់កិច្ចពិភាក្សាដើម្បីសង្គ្រោះកិច្ចព្រមព្រៀងលើគម្រោងសកម្មភាពរួមជាទ្រង់ទ្រាយ(JCPOA)នៅឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងប្រទេស ៥+១ ដែលមាន អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់។ ប៉ុន្តែកិច្ចពិភាក្សាត្រូវបានផ្អាកក្រោយការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ ។ ប៉ុន្តែនៅពេលថ្មីៗនេះអាមេរិក និងអឺរ៉ុបបានបញ្ជាក់ថា មិនមានពេលវេលាច្រើនទៀតឡើយនៅក្នុងកិច្ចពិភាក្សា ខណៈអុីរ៉ង់បង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម លើសពីកម្រិតដែលបានព្រមព្រៀង។
តាមគម្រោងកិច្ចពិភាក្សារវាងអុីរ៉ង់ នឹងបណ្តាប្រទេសមហាអំណាចនឹងធ្វើឡើងនៅថ្ងៃទី២៩ខែវិច្ឆិកា។ អុីរ៉ង់តែងតែបានបញ្ជាក់ថា កម្មវិធីបរមាណូរបស់អុីរ៉ង់ មានគោលដៅសន្តិភាពមិនសម្រាប់ផលិតអាវុធប្រល័យលោកនោះឡើយ៕ ដោយសាធី