ខេត្តក្រចេះ ៖ មានការភ្ញាក់ផ្អើលទាំងយប់ខណ:រថយន្ត (V1) ១គ្រឿងសណ្តោងរុឺម៉កដឹកដំឡូងពេញ សង្ស័យដាច់ពន្លូញបាឡុង ចាប់កន្ទុយរុឺម៉កធ្វើឱ្យក្រឡាប់ផ្ងារជើង ចាក់ដំឡូងមីចោលពេញចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកភូមិផ្អើលមកចោមរោមមើល។ ក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា: មុនកើតហេតុគេឮស្នូរសន្ធឹក សំឡេងរថយន្តធំៗរត់លើផ្លូវជាតិលេខ៧ មកដល់កន្លែងកើតហេតុស្រាប់តែលាន់សូរដូចរន្ទះ។ ក្រោយកើតហេតុពួកគាត់បានចេញមកមើល ក៏បានឃើញរុឺម៉ករថយន្តធុនធំដឹកដំឡូងមីក្រឡាប់បោកផ្ទប់ទៅនឹងចិញ្ចើមផ្លូវជាតិចេញសុទ្ធតែដំឡូងមីក្រាលពេញដី។
ប្រភពដដែលបានបន្តថា: តៃកុងបានបើកតែក្បាលសណ្តោងយកទៅបាត់ នៅសល់តែកន្ទុយរុឺម៉កដេកចាក់ដំឡូងក្រាលពេញដី ។ លុះព្រឹកឡើងទើបឃើញរថយន្តយីឌុបមកសាងដំឡូងនិងធ្វើការស្ទូចរុឺម៉ករថយន្តក្រឡាប់ខាងលើនេះឡើងវិញដើម្បីយកទៅជួសជុល។ រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយកើតហេតុក៏គេពុំឃើញមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលជំនាញមកធ្វើការពិនិត្យ និងវាស់វែងក្នុងការគ្រោះក្រឡាប់រថយន្ត ដោយខ្លួនឯងនោះឡើយ៕
ដោយ:មាស សុផាត