ខេត្តស្វាយរៀង៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានបន្តជួយសម្រាលកូនជូនស្រ្ដីខ្មែរដែលវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់បានដោយជោគជ័យ។
យោងតាមក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានឱ្យដឹងថា មានស្ត្រីវិជ្ជមានកូវី-១៩ចំនួន៣នាក់ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យ ដោយស្ត្រីទាំង៣នាក់មានទី១ -ឈ្មោះពៅ អូន អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង២៣និង១៥នាទីដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ២,២គីឡូក្រាម។
២- ឈ្មោះលីវ ស្រីល័ក្ខ អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង១និង៥០នាទីដោយទទួលបានកូនប្រុសម្នាក់ទម្ងន់៣,០០គីឡូក្រាម
និងទី៣-ឈ្មោះនួន ស៊ីណាត អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិតាប៉ោង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានសម្រាលកូនរួចនៅម៉ោង២និង២៥នាទីដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ៣,២ គីឡូក្រាម ។
បច្ចុប្បន្នសុខភាពស្រ្ដីទាំង៣នាក់និងកូនក្រោយសម្រាល មានស្ថានភាពល្អប្រសើរ។ គិតមកដល់ពេលនេះមន្ទីរពេទ្យខេត្តស្វាយស្វាយរៀងបានសម្រាលកូនជូនស្ត្រីដែលវិជ្ជមានកូវីដ-១៩សរុបបាន៦១ករណី។
ជាមួយគ្នានេះក្រុមគ្រូពេទ្យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងសូមប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នាផងដែរ៕
ដោយ៖ យឹម សុថាន