ខេត្តបន្ទាយមានជ័យ៖ សំណង់រឹងសង់រៀបជាឥដ្ឋ20 ជារបស់ម្ចាស់ផ្ទះ ឈ្មោះ ម៉ែន ណារិន (ប្រុស) នៅព្រឹកថ្ងៃទី11ខែវិច្ឆិកា ឆ្នាំ2021នេះ ត្រូវក្រុមការងារចម្រុះ ចុះត្រួតពិនិត្យឃើញថាកំពុងសាងសង់រំលោភដីចំណីផ្លូវសាធារណរបស់រដ្ឋ ចំណុចផ្លូវកែង ទល់មុខចំណតរថយន្ត ស្ថិតនៅក្នុងភូមិបាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត ក្រុមគណៈកម្មការតម្រូវអោយរុះរើចេញវិញជាកំហិត បើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងចាត់ការតាមនីតិវិធី។
លោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចម្រុះ បានប្រាប់ថា បន្ទាប់ពីក្រុមការងារចម្រុះ ធ្វើការវាស់វែងឃើញថា សំណង់របស់ម្ចាស់ឈ្មោះ ម៉ែន ណារិន (ប្រុស) ដែលសង់រំលោភលើដីចំណីផ្លូវខាងលើនេះពិតជាបានសាងសង់ចូលចំណីផ្លូវរដ្ឋពិតប្រកដមែន។ ដែលមានទទឹង2.9ម៉ែត្រ បណ្តោយ14.9ម៉េត្រ កំពស់3.4ម៉េត្រ ដោយសង់ចាក់ជាធ្នឹម រៀបឥដ្ឋ20 ជាប្រភេទសំណង់រឹង ដែលក្រុមការងារចម្រុះចុះធ្វើកំណត់ហេតុហៅម្ចាស់មកផ្តិតមេដៃ ឱ្យរុះរើចេញវិញ។
លោក ខាត់ ធា បញ្ចាក់ថា ជំហានដំបូងគឺក្រុមការងារចម្រុះ ធ្វើការហាមឃាត់មិនអនុញ្ញាតឱ្យសាងសង់បន្តទៀតទេ ដោយតម្រូវឲ្យម្ចាស់ផ្ទះ និងក្រុមការងារជាងដែលកំពុងសាងសង់ផ្តិមេដៃ និងត្រូវរុះរើចេញវិញជាកំហិត បើមិនស្តាប់ក្រុមការងាររឹងទទឹងបន្តសាងសង់អាជ្ញាធរនិងរៀបចំចាត់ការតាមនីតិវិធីច្បាប់៕ ដោយវណ្ណា