ខេត្តកោះកុង៖ កម្លាំងនគរបាលផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យម្នាក់មកផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះថាបុរសចំណាស់ម្នាក់បានចាប់រំលោភសេពសន្ថវ:កូនស្រីរបស់គាត់ជាអនិតិជនបានសម្រេច២ដង នៅក្នុងបន្ទប់រៀន ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។
មន្រ្តីនគរបាលស្រុកស្រែអំបិលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៤៥នាទី ផ្នែកជំនាញបានទទួលពាក្យបណ្ដឹង ពីឈ្មោះវ៉ាន់ មុំ ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្ដាយជនរងគ្រោះ មានទីលំនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដោយបានមកប្ដឹងឈ្មោះម៉ី លាក់ ភេទប្រុស អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ពីបទចាប់រំលោភសេពសន្ថវៈ លើកូនស្រីរបស់គាត់ឈ្មោះ វ.វ.វ ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស រហូតបានសម្រេច០១លើកនៅក្នុងថ្នាក់រៀន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង ១៧និង១០នាទី គ្រាដែលសិស្សទាំងអស់បានចេញពីសាលារៀន ហើយពួកគេទៅផ្ទះរៀងៗខ្លួនអស់។
ស្រី្តរូបនេះរៀបរាប់ទៀតថាពេលនោះកូនរបស់គាត់ពុំទាន់មកផ្ទះនៅឡើយ គឺនៅកត់មេរៀនបង្ហើយ ក្នុងថ្នាក់រៀនម្នាក់ឯងទើប ជនសង្ស័យបានឱកាសចូលទៅធ្វើសកម្មភាពចាប់កូនរបស់គាត់រំលោភតែម្តង។ លុះដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥ ពេលកូនស្រីរបស់គាត់មកអង្គុយលេង លើបង់ នៅមុខបន្ទប់រៀនម្នាក់ឯង ស្រាប់តែជនរូបនេះដើរសំដៅមកចាប់ដៃកូនស្រីគាត់អូសចូលទៅក្នុងបន្ទប់រៀន ហើយក៏ចាប់រំលោភបានសម្រេចម្ដងទៀត មិនតែប៉ុណ្ណោះជនរូបនេះបានគំរាមថា បើហ៊ានយករឿងទាំងនេះប្រាប់អ្នកណាឲ្យដឹងរូបគេ នឹងសម្លាប់ចោល។ ក្រោយទទួលការគំរាមបែបនេះ កូនស្រីបានមកប្រាប់ឲ្យគាត់ដឹង ទើបគាត់មកដាក់ពាក្យបណ្តឹង តែ
ជនសង្ស័យបានរត់គេចខ្លួនបាត់។ករណីនេះ ផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕