លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាងទឹកមួយចំនួនក្នុងខេត្តកំពត ដោយនៅព្រឹកនេះបានចុះពិនិត្យនៅទំនប់អាងទឹកត្រពាំងបឹង ស្ថិតនៅក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត : នៅថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ក្រុមមន្រ្តីបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាងទឹកមួយចំនួនក្នុងខេត្តកំពត ដោយនៅព្រឹកនេះបានចុះពិនិត្យនៅទំនប់អាងទឹកត្រពាំងបឹង ស្ថិតនៅក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។

សូមបញ្ជាក់ជូនជ្រាបថា ប្រព័ន្ធធារាសាស្រ្តអាងទឹកត្រពាំងបឹង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ជួសជុលស្តារឡើងវិញក្នុងឆ្នាំ២០១៧ និងកែលម្អជាបន្តបន្ទាប់រហូតពេលដល់បច្ចុប្បន្ននេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ៦លានម៉ែត្រគូប បម្រើការងារស្រោចស្រពលើផ្ទៃដីស្រូវវស្សា ស្រូវប្រាំង និងដំណាំរួមផ្សំ ប្រមាណ ២.០០០ហិកតា ព្រមទាំងទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ។

ទីតាំងទំនប់អាងទឹកត្រពាំងបឹង មានលក្ខណ:អំណោយផលផ្នែកភូមិសាស្រ្តបានជួយរក្សាទុកទឹកប្រើប្រាស់ក្នុងស្រុកឈូកដែលជាតំបន់ខ្សត់ប្រភពទឹក ហើយបច្ចុប្បន្នបន្ទាប់ពីអនុវត្តគម្រោងជីកប្រឡាយជើងក្អែកដោយពលកម្ម ចាប់ពីឆ្នាំ២០២០ និងក្នុងឆ្នាំ២០២១នេះ បានធ្វើទំនើបកម្មដែលអនុញ្ញាតឲ្យប្រព័ន្ធធារាសាស្រ្តនេះមានលទ្ធភាពស្រោចស្រពដោយបើកទឹកបង្ហូរចូលស្រែតែម្តង ។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោករដ្ឋមន្ដ្រី បានដាក់ផែនការឲ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការសិក្សារលើការលើកជាទំនប់សណ្តរបន្ថែមនៅតាមតំបន់ទំនាប ក្នុងគោលបំណងរក្សាបរិមាណទឹកក្នុងអាងឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបម្រើការងារដាំដុះរបស់ប្រជាកសិករ និងជាពហុប្រយោជន៍ជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print