ខេត្តសៀមរាប: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបន្តដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាម ក៏ដូចជាដើម្បីពិភាក្សាបញ្ហាប្រឈមដំណោះស្រាយ និងសំណូមពររបស់អង្គភាព អនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួន។
ការចុះត្រួតពិនិត្យនេះ ក៏មានការចូលចូលរួមពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាប,លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងលោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុ ប្រធានគណៈកម្មការអន្តរក្រសួង,នាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិ,លោក ទៀ សីហា អភិ បាលខេត្តសៀមរាប និងសមាជិក សមាជិ កាគណៈកម្មការអន្តរក្រសួង ព្រមទាំងមន្រ្តីតំណាងអង្គភាពពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា នៅពេលបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាបនឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះយ៉ាងពិតប្រាកដ ដោយហេតុ ថាគម្រោងនេះនឹងតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជាយក្រុង តំបន់ទេសចរណ៍វប្បធម៌សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានាប្រកបដោយភាពប្រទាក់ក្រឡាគ្នា ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងវិនិយោគិនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់សេដ្ឋកិច្ចឱ្យមានការរីកចម្រើន។
សូមជម្រាបថា គម្រោងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន ៣៨ខ្សែនេះ មានប្រវែងសរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំ បាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងនេះអនុវត្តដោយអង្គភាពសាង សង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿង ចក្រនិងស្ថាបនាផ្លូវ, នាយកដ្ឋានជួស ជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំប្រើប្រាស់បានយូរអង្វែងតាមអាយុ កាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
ការសាងសង់ត្រូវបានបែងចែកជា៤ ប្រភេទរួមមាន៖ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រប្រវែងសរុប ៩,៣៨៩ ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨ គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥ គីឡូម៉ែត្រ៕ ដោយ ស៊ុនហេង