សម្ដេចតេជោ ហ៊ុនសែន បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ រកមធ្យោបាយធ្វើឱ្យស្ថានភាពអនាម័យជនបទ មានសន្ទុះក្នុងអត្រា ៥% ជារៀងរាល់ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញនេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង ពីសារប្រយោជន៍នៃការធ្វើអនាម័យជាពិសេសគឺអនាម័យ នៅតាមទីជនបទ។ សម្ដេចតេជោ ហ៊ុនសែន ចាត់ទុកការធ្វើឱ្យមាន ភាពល្អប្រសើរនូវស្ថានភាពអនាម័យនៅជនបទនៅកម្ពុជា គឺជាភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋគ្រប់រូប។

សម្ដេចតេជោក៏បានលើកផងដែរថា នៅក្នុងបរិបទនៃ ជំងឺកូវីដ-១៩ ការថែរក្សាអនាម័យគឺមានសារៈសំខាន់ ណាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

សម្ដេចតេជោ បានជំរុញឱ្យមានការពិនិត្យតាមដាន និងរកវិធី សាស្ត្រធ្វើយ៉ាងណាឱ្យស្ថានភាពអនាម័យជនបទនៅ កម្ពុជា មានសន្ទុះបន្ថែមទៀតក្នុងអត្រា ៥% ជារៀងរាល់ ឆ្នាំ ទើបកម្ពុជាអាចសម្រេចបាននូវទស្សនវិស័យដែល បានកំណត់ថា ប្រជាជនទាំងអស់នឹងទទួលបានសេវា ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តភាព នៅឆ្នាំ២០២៥។

ជាមួយគ្នានេះសម្តេចតេជោក៏បានឱ្យជាអនុសាសន៍មួយ ចំនួនដើម្បីឱ្យសម្រេចបាននូវផែនការបន្ថែមសន្ទស្សន៍ អនាម័យជនបទដោយ ឱ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត បន្តយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវកៀងគរថវិកានិងវិធាន ការយ៉ាងណាដើម្បីឱ្យសម្រេចបាននូវការគ្រប់ដណ្ដប់ អនាម័យឱ្យបាន៩០% នៅឆ្នាំ២០២៣។

សម្ដេចតេជោ បានជំរុញដល់អ្នកពាក់ព័ន្ធធ្វើយ៉ាងណាឱ្យ ខេត្តដែលមានអត្រាអនាម័យខ្ពស់សម្រេចបានគោលដៅ គ្មានការបន្ទោរបង់ ពាសវាល ពាសកាលឱ្យបាន ១០០% ខណៈខេត្តដែលមានកម្រិតអនាម័យទាបត្រូវរកវិធីសាស្ត្រ យ៉ាងណាគាំទ្រឱ្យមានការរីកចម្រើននូវកម្រិតអនាម័យនៅ ក្នុងខេត្តនោះ។ លើកកម្ពស់ការលាងដៃនឹងសាប៊ូតាមរយៈ ការអប់រំ និងបង្កើតកន្លែងលាងដៃ រួមទាំងផ្គត់ផ្គង់សម្ភារៈ លាងសម្អាតដៃកុំឱ្យមានការខ្វះខាត។

ចំពោះអនាម័យសម្រាប់ស្រ្តីវិញ សម្ដេចតេជោក៏ជំរុញឱ្យ លើកកម្ពស់ការយល់ដឹងនិងប្រតិបត្តិអនាម័យនៅពេល មានរដូវរបស់ស្ត្រីនិងកុមារីអាយុពេញវ័យ សំដៅផ្លាស់ប្ដូរ ឥរិយាបថនៃការគ្រប់គ្រងអនាម័យពេលមានរដូវឱ្យកាន់តែ ប្រសើរឡើង។

ទាក់ទងនឹងការប្រើប្រាស់បង្គន់វិញ សម្តេចក៏តម្រូវឱ្យ គិតគូរពីការគ្រប់គ្រងកាកសំណល់លាមកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការបង្ហូរកាកសំណល់ ទៅក្នុងបរិស្ថានដែលបង្ករឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាព ជាមួយនឹងការពង្រឹងលទ្ធភាពដល់គ្រួសារនៅ ជនបទឱ្យមានលទ្ធភាពក្នុងការទទួលបានបង្គន់អនាម័យ ប្រើប្រាស់ផងដែរ។

បើតាមសម្តេចតេជោ ក្នុងឆ្នាំ២០០៧ ប្រជាជនកម្ពុជាមាន លទ្ធភាពប្រើបង្គន់អនាម័យចំនួន ១៦% ខណៈតួលេខ នេះបានកើនដល់ ៧៨,៣% ក្នុងឆ្នាំ២០១៩ ដោយ សម្ដេចចាត់ទុកថា វឌ្ឍនភាពនៃស្ថានភាពអនាម័យនេះគឺ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល និងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ក្នុងវិស័យអនាម័យ៕

...

ដោយ, សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print