ខេត្តស្វាយរៀង៖ ផ្លូវទៅព្រំដែនបុសមន ប្រជាពលរដ្ឋរិះគន់ និងស្នើសុំអាជ្ញាធរជួយទប់ស្កាត់ព្រោះរថយន្តធុនយក្ខបើកកិនបំផ្លាញរងការខូចខាតស្ទើទាំងស្រុង ស្ថិតនៅព្រំដែនទ្វេភាគីបុសមនក្នុងភូមិស្រម៉រ ឃុំបុសមន ស្រុករំដួល និងសូមអោយលោកអភិបាលខេត្តស្វាយរៀង ជួយអន្តរាគមន៍ជួសជុលផ្លូវមួយខ្សែនេះផង ព្រោះពិបាកធ្វើដំណើរខ្លាំងណាស់។
ប្រជាពលរដ្ឋដែលមានទីលំនៅនៅក្នុងឃុំបុសមន បានអោយដឹងថា អាជ្ញាធរឃុំ ស្រុក ហាក់បីដូចពុំបានអើពើរករណីក្រុមឈ្មួញដែលមានរថយន្តយីឌុបធុនយក្សដឹកទំនិញបំផ្លាញផ្លូវធ្វើឲ្យខូចស្រុតផ្លូវក្លាយជារណ្តៅ ជង្ហុក ប្រមាណ ជាង៨,០០០ម៉ែត្រ។
ដោយ ចាប់ពីផ្លូវជាតិលេខ១៣ ឆ្លងកាត់ភូមិចំនួន៣ ឆ្ពោះទៅច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុសមន ជារាងរាល់ឆ្នាំតែងតែពិបាកក្នុងការធ្វើដំណើដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ទៅសាលារៀន សម្រាប់នៅចុងឆ្នាំនេះរថយន្តដឹកទំនិញចេញចូលតាមច្រកទ្វេភាគីបុសមន មានចំនួនច្រើនធ្វើឲ្យសមត្ថកិច្ចនៅច្រកនេះសើមមាត់ សើមករ មិនខ្វល់ពីលំបាកដល់ពលរដ្ឋឡើយ។
ប្រភពពីអាជីវករបានបង្ហើបឲ្យដឹងថា រាល់ការដឹកទំនិញបាននៅតាមច្រកទ្វេភាគីបុសមននេះ ពួកគេសុទ្ធតែបានបង់លុយទៅអោយលោកមេប៉ុស្តិ៍ច្រកទ្វេភាគីបុសមន និងមន្រ្តីគយ ព្រមទាំងសមត្ថកិច្ចមួយចំនួនទៀត ទើបអាចដំណើរការរកស៊ីនៅច្រកនេះបាន។
ចំណែកលោកប្រធានក្រុមប្រឹក្សាឃុំបុស្សមន បានឲ្យដឹងថា លោកបានរាយការណ៍ជូនលោកអភិបាលស្រុករំដួល ដើម្បីស្នើទៅលោកអភិបាលខេត្តរួចហើយ។
លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានឲ្យអ្នកសារព័ត៏មានដឹងថា ផ្លូវមួយខ្សែខាងលើនេះមានប្រវែងជាង១០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ១៣ឆ្ពោះទៅច្រកទ្វាព្រំដែនបុស្សមន លោកបានទទួលសំណើរពីអាជ្ញាធរឃុំ ស្រុករួចហើយ មន្ទីរបានឆ្លងលោកអភិបាលខេត្តហើយបានដាក់សំណើរសុំទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ រួចរាល់ហើយដែរ ដោយក្រសួងតម្រូវឲ្យក្នុង១ឆ្នាំផ្លូវក្រាលកៅស៊ូប្រវែង៤,៣០០ម៉ែត្រ ដូច្នេះឆ្នាំ២០២១នេះ គឺធ្វើបានតែ៤,៣០០ម៉ែត្រ ហើយនិងបន្តនៅឆ្នាំ២០២២មានចំនួន៤,៣០០ម៉ែត្រទៀត ដោយនៅចុងខែតុលានេះមានភ្លៀងធ្លាក់ខ្លាំង មិនអាចធ្វើបន្តនិងរង់ចាំរាំងភ្លៀងនិងចុះធ្វើបន្តទៀតហើយ។
ចំពោះចំណុចផ្លូវខូចស្រុតជារណ្តៅ នៅត្រង់ចំណុចភូមិស្រម៉ លោកអភិបាលស្រុក និងមន្ទីរបានយកថ្ម ទៅដាក់ហើយដើម្បីឲ្យរថយន្ត ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរបានសូមប្រជាពលរដ្ឋយោគយល់នេះជារដូវភ្លៀង ពេលចាក់ដីហើយមានភ្លៀង ម្យ៉ាងមានរថយន្តដឹកទំនិញធុនធំចរាចរណ៍ទៀតទើបធ្វើឲ្យខូចផ្លូវខ្លាំងបែបនេះ។
ទោះបីយ៉ាងណារថយន្តធុនយក្ស នៅតែបន្តបើកបរលើផ្លូវនេះមិនអាចធានាបាននោះទេ ដូច្នេះផ្លូវនៅតែខូចបើពុំមានការអន្តរាគមន៍ពីអាជ្ញាធរនោះទេ ច្បាស់ជាបងប្អូនប្រជាពលរដ្ឋនៅតែពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផងដែរ៕
ដោយ៖ យឹម សុថាន