ស្ត្រីម្នាក់ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងខេត្តករណីប្រើហិង្សាលើកុមាររីអាយុ៨ឆ្នាំជាច្រើនដង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីម្នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ដោយ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ ហើយបាននាំខ្លួន​ស្ត្រី​ម្នាក់​នេះបញ្ជូនទៅ​តុលាការ ក្រោយ​បែកធ្លាយ​បាន​វាយ​ធ្វើបាប​កុមារី​អាយុ ៨​ឆ្នាំ​ជា​កូនចិញ្ចឹម​ជាច្រើន​ឆ្នាំ​។​

​មន្ត្រីនគរបាល​ជំនាញ ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹងថា​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ​ត្រូវបាន​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ជាច្រើន​បន្តបន្ទាប់ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​បាន​ត្រឹមត្រូវ​ជាក់លាក់​តាមផ្លូវ​ច្បាប់​។​

​លោកបន្តថាការនាំ​ខ្លួន​ស្ត្រី​ជា​ម្តាយចិញ្ចឹម​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ពីបទ​អំពើហិង្សា​ក្នុង​គ្រួសារ (​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ​) ដែលបានកើតឡើង​នៅត្រង់ចំណុច​ក្រុមទី​១២ ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ពិសេស​នៅ​អំឡុង​ចុងឆ្នាំ ២០២០ រហូតមក​។​

​លោកបានបន្តថាកុមារី​រងគ្រោះ​មានឈ្មោះ​ឯម ចាន់​ធី​លីហ្សា អាយុ​៨​ឆ្នាំ ចំណែកឯ​ជនបង្ក​ឈ្មោះ​អ៊ឹង សុ​គុណ​ធី ភេទ​ស្រី អាយុ ៥៧​ឆ្នាំ ត្រូវជា​ម្តាយចិញ្ចឹម រស់នៅ​ជាមួយគ្នា​។

​កុមារ​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​នាង​ត្រូវ​បានម្តាយចិញ្ចឹម​ក្តិច មួល និង​វាយ​ដោយ​មែក​ឫ​ស្សី ចង្កឹះ​ឈើ ឬ​ចានជ័រ​ជាដើម បណ្តាល​ឲ្យ​រងរបួស​ក្បាល ថ្ពាល់ ខ្នង​ផងដែរ​។​

​យោងតាម​ការបញ្ជាក់​ពី​ឈ្មោះ​តូច សុខា អាយុ ៥៤​ឆ្នាំ​ជា​អ្នកជិតខាង​បាន​បំភ្លឺថា​នៅក្នុង​អំឡុង​ឆ្នាំ ២០២០ ខ្លួន​ឮ​សំឡេង​ក្មេងស្រី​ឈ្មោះ​ឯម ចាន់​ធី​លីហ្សា ហៅ​នី​ត ស្រែកយំ​នៅក្នុង​ផ្ទះ​ជា​ញឹកញាប់ ដោយសារ​ម្តាយចិញ្ចឹម​វាយ ហើយ​ខ្លួន​ក៏​ធ្លាប់បាន​ប្រាប់​រឿងនេះ​ដល់​ឳ​ពុក​ចិញ្ចឹម​ឈ្មោះ​ណុប ស៊ី​ថេ​ង ជារឿយៗ​មក​ដែរ ប៉ុន្តែ​ដោយសារ​គាត់​មិនសូវ​នៅផ្ទះ​ព្រោះ​ជាប់រវល់​ធ្វើការ​ងារ​នៅ​ស្រុក​ឆ្ងាយ​។​

​សមត្ថកិច្ចបានបញ្ជាក់ថាក្រោយ​ការនាំ​ខ្លួន​ម្តាយចិញ្ចឹម​ទៅ​តុលាកា​អនុវត្ត​ច្បាប់ មន្ត្រី ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​បាន​នាំ​កុមារី​រងគ្រោះ​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ផ្តល់​កន្លែង​ស្នាក់នៅ​សមរម្យ សិទ្ធ​សេរីភាព និង​ឲ្យ​បាន​សិក្សា​រៀនសូត្រ​ដូច​ក្មេង​ដ៏ទៃទៀត​។

​កុមារី​រងគ្រោះ​មានឈ្មោះ​ឯម ចាន់​ធី​លីហ្សា ត្រូវបាន​ឳ​ពុក​ចិញ្ចឹម​ស្នើសុំ​នាង​ពី​មណ្ឌលកុមារ​កំព្រា​ក្នុង​ខេត្តបាត់ដំបង តាំងពី​ឆ្នាំ ២០១៦ ខណ​:​ក្មេងស្រី ឯម ចាន់​ធី​លីហ្សា​មាន​អាយុ​ទើបតែ​បាន ៣​ឆ្ឆ្នាំមិនគួរណាម្តាយចិញ្ចឹមមានចិត្តព្រៃផ្សៃបែបនេះទាល់តែសោះ៕

...

ដោយអរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print