ជិះម៉ូតូគេចពីម៉ូតូកង់បីបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលជិះម៉ូតូឌុបគ្នាគេចពីម៉ូតូកង់បីជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបដែលចតដាក់អីវ៉ាន់ឱ្យភ្ញៀវនៅកណ្តាលផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-0069 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុបានបើកភ្លើងស៊ីញ៉ូហើយចតរថយន្តចំពាក់កណ្ដាលផ្លូវដើម្បីដាក់អីវ៉ាន់ឱ្យភ្ញៀវ ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1M-3770បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាបានបើកគេចពីម៉ូតូកង់បីដែលនៅខាងមុខក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print