ខេត្តតាកែវ÷នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានបើកដំណើរការឲ្យក្រុមគ្រូពេទ្យរបស់អង្គភាពផ្ដល់សេវាវ៉ាក់សាំង ដូសទី៣ (ដូសជម្រុញ) ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤ឃុំ នៅក្នុងស្រុកបាទី ខេត្តតាកែវ ក្នុងនោះរួមមានឃុំតាំងដូង ឃុំសុភី ឃុំកុមាររាជា និងឃុំក្រាំងលាវ នៅក្នុងផែនការរួមប្រជាពលរដ្ឋត្រូវចាក់ជូនចំនួន ៣,៣៤២៣នាក់។
ក្រុមការងារបានដំណើរការដោយរលូនតាមផែនការរំពឹងទុក និងមានកិច្ចសហការល្អគ្រប់បណ្ដាគោលដៅឈរជើង ជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីសម្របសម្រួលរាល់និតិវិធីផ្ដល់សេវ៉ាវ៉ាក់សាំង ក៏ដូចជាការធានាគ្រប់គ្រងសភាពការណ៍ សណ្ដាប់ធ្នាប់សន្តិសុខសារធារណៈជូនមណ្ឌលបានល្អប្រសើរ។
ក្រុមការងារវ៉ាក់សាំងអង្គភាព បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុង ឃុំទាំង៤ របស់ស្រុកបាទី ខេត្តតាកែវ មានការអរគុណ និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃតែងតែគិតគូរពីសុខទុក្ខ សុខមាលភាពរបស់ជនរួមជាតិ និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជឿនលឿនលើគ្រប់វិស័យ និងសូមឲ្យបងប្អូននៅតែបន្តគោរពវិធានការណ៍នានារបស់រាជរដ្ឋាភិបាលដដែលទោះបីបងប្អូនបានទទួលសេវាវ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) នេះហើយក៏ដោយ៕
ដោយ៖ សូរិយា