ភ្នំពេញ : ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមាន ភ្លៀងធ្លាក់ច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ក្នុងសប្ដាហ៍ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងនូវឥទ្ធិពល ៖ – ជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូងរុញទូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស ។
ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ , តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានបទស ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC – អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ ។ ក្នុងនោះក៏មានបណ្ដាផ្នែក ខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមាន ភ្លៀងធ្លាក់ច្រើន ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – អាចនឹងមានភ្លៀងធ្លាក់តិចតួច ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC – អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ, សុខ ខេមរា