ខេត្ដសៀមរាប៖ ក្រុមអាជីវករជាង១០០នាក់ លក់វត្ថុអនុស្សាវរីយ៍ នៅប្រាសាទតាព្រហ្ម ខឹងសម្បានិងអាជ្ញាធរជាតិអប្សរា ដោយបានច្រានគ្នាទៅវិញទៅមក ខណៈដែលកម្លាំងអាជ្ញាធរជាតិអប្សរា បានបោះបង្គោលរបងការពារប្រាសាទ ដែលក្រុមអាជីវករលើកឡើងថា ការដាំបង្គោលនោះ ជាចេតនាចង់បណ្ដេញពួកគាត់ចេញពីកន្លែងលក់ដូរ។
ប៉ុន្ដែទោះជាយ៉ាងណា ការបោះបង្គោលនេះ ត្រូវបានក្រុមអាជីវករដកចោលវិញនៅម៉ោង១១និង៣០នាទីថ្ងៃទី២១ខែកក្កដានេះ ដោយអះអាងថា ប៉ះពាល់ដល់ការលក់ដូរវត្ថុអនុស្សាវរីយ៍ពួកគាត់។
ក្រុមអាជីវករបានឲ្យដឹងស្រដៀងៗគ្នាថា នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល កម្លាំងអាជ្ញាធរជាតិអប្សរាជាច្រើននាក់ បានបោះបង្គោលរបង ដើម្បីបិទចំណតយានយន្ដដឹកភ្ញៀវទេសចរណ៍ ដោយយកលេសថា ការពារប្រាសាទ ប៉ុន្ដែត្រូវបានពួកគេចាប់ដកចោលវិញហើយ។ពួកគាត់សង្ស័យថា ការដាំបង្គោលនេះ អាចបាត់ចំណតយានយន្ដដឹកភ្ញៀវទេសចរ ព្រោះការលក់វត្ថុអនុស្សាវរីយ៍នេះ លុះត្រាមានចំណតយានយន្ដ ទើបមានភ្ញៀវទេសចរណ៍ចូលទិញទំនិញពួកគាត់។ ក្រុមអាជីវករបានបន្ដថា ពួកគាត់មិនជំទាស់នឹងការបោះបង្គោលឈើ ដើម្បីការពារប្រាសាទបុរាណនោះទេ ប៉ុន្ដែត្រូវទុកកន្លែងចំណតយានយន្ដ។ ពួកគាត់លើកឡើងថា ពួកគេគ្មានមុខរបរក្រៅការលក់ដូរវត្ថុអនុស្សាវរីយ៍បន្ដិចបន្ទួចនោះឡើយ។
ទាក់ទងករណីនេះ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញធរជាតិអប្សរា បានមានប្រសាសន៍ថា ការបោះបង្គោលឈើនោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងដើម្បីការពារផលប៉ះពាល់ដល់របងប្រាសាទបុរាណ។លោកបានថា កន្លែងដែលពលរដ្ឋដកបង្គោលចោលនោះមិនមែនជាចំណតយានយន្ដដឹកភ្ញៀវទេសចរណ៍ឡើយ។ លោកបានថា ការបោះបង្គោរបងនេះ ក៍មិនប៉ះពាល់ដល់ចំណតយានយន្ដដែរ។ទោះយ៉ាងនេះ លោកបញ្ជាក់ថា មន្ដ្រីជំនាញនឹងចុះសម្រួលជាមួយអាជីវករជាថ្មីទៀត ក្នុងពេលឆាប់ៗនេះ ។
គួរំលឹកថា ជារើយៗក្រុមអាជីវករលក់ដូរនៅតាមប្រសាទបុរាណ ត្រូវបានអាជ្ញាធរជាតិអប្សរា បណ្ដេញចេញពីកន្លែងលក់ដូរ ក្រោមរូបភាពរៀបចំសណ្ដាប់ធ្នាប់តំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនានៅតំបន់បេតិកភណ្ឌនេះកាន់តែច្រើន ក្នុងនោះរួមមាន អាជីករនៅខាងមុខប្រាសាទភ្នំបាខែង អាជីវករនៅខ្លោងទ្វារទន្លេអ៊ុំ នៅតំបន់ប្រាសាទអង្គរធំ នៅប្រាសាទប្រែរូប និងប្រាសាទតាព្រហ្មជាដើម៕ដោយ៖ជានិរន្ដរ៍