ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ -អ្នកគ្រូ និងពិនិត្យមើលដំណើរការប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៅវិទ្យាល័យកងតណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញលោកគ្រូ-អ្នកគ្រូ យកចិត្តទុកដាក់លើបញ្ហាសុខភាព អនាម័យ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមសាលារៀនជាប្រចាំ និងណែនាំដល់សិស្សានុសិស្សត្រូវយកខិតខំប្រឹងប្រែងរៀន សូត្រឡើងវិញ ខណៈសាលារៀនបានបើកឲ្យដំណើរការឡើងវិញហើយ។
សូមបញ្ជាក់ថា, ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ១៥ វិច្ឆិកា ២០២១ ហើយដំណើរការសំណេរថ្ងៃទី១ នេះបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រងមណ្ឌលប្រឡងនីមួយៗ ដោយបានពិនិត្យនូវកម្ដៅបេក្ខជនមុនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ពាក់ម៉ាសការពារ លាងដៃនឹងអាល់កុល និងរក្សាគម្លាតបានយ៉ាងខ្ជាប់ខ្ជួន ។ បេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ១៥ វិច្ឆិកា ២០២១ មានបេក្ខជនសរុបចំនួន ១៦២,៥៨៩ នាក់ (នារី ៨៧,៨៧១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២២ ស្នើនឹង ៧,៣២៧ បន្ទប់ប្រឡង ៕
ដោយ, សិលា