ខេត្តបន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ព ជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបែងចែក អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងចម្រុះទិសទី១ បន្ទាយមានជ័យ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ។
ក្នុងនាមបណ្តាអង្គភាពចំណុះទិសទី១បន្ទាយមានជ័យ ទាំងមូល ឧត្តមសេនីយ៍ឯក ឯក សំអូន បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូ ពីសុខទុក្ខលំបាក តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងដល់បងប្អូននៅទីនេះ (រដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់ អាវរងា) ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបបន្ថែមរបស់សម្តេច ចំនួន ៣,០០០រៀលក្នុង១ថ្ងៃ ក្នុង១នាក់ជាដើម។ល។ ដែលកត្តាទាំងអស់នេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនកងទ័ព អោយកាន់តែមានជីវភាពប្រសើរឡើង មួយកំរិតទៀត។
មេបញ្ជាការ មេបញ្ជាការរងព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និង កងកម្លាំងចម្រុះ ទិសទី១បន្ទាយមានជ័យ មានសេចក្តីសោមនស្សរីករាយជាខ្លាំង និងសូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែគិតគូពីសុខមាលភាពរបស់កងទ័ព ហើយតែងតែជួយក្នុងការដោះស្រាយរាល់បញ្ហាគ្រប់កាល:ទេស:៕
ដោយ៖ សូរិយា