ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកមង្គលបូរី បានឃាត់ខ្លួន ជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានអ្នកលក់ និងអ្នកជក់គ្រឿងញៀន រួមទាំងកាំបិត និងថ្នាំញៀនត្រូវ កាលពីរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ នេះដើម្បីចាត់ការតាមនិតិវិធី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹង កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ថា លោកបានដឹក កម្លាំងនគរបាលស្រុកមង្គលបូរី បានល្បាតស្ទាក់តាមចាប់យុវជនជាជនសង្ស័យចំនួន៥នាក់ក្នុងនោះមានអ្នកលក់ថ្នាំញៀន ម្នាក់ ឈ្មោះទុំ សុភក្រ្ត អាយុ៣៥ឆ្នាំ នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ឃាត់ខ្លួននៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន៤ថង់តូច,កាំបិត៧,ទូរស័ព្ទដៃចំនួន៣គ្រឿង ចំណែក៤នាក់ទៀតជាអ្នកជក់។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់បានបញ្ជាក់ឲ្យដឹងបន្តទៀតថាបន្ទាប់ធ្វើការសួរនាំឈ្មោះទុំ សុភក្រ្តរួចមក កម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន២នាក់ទៀតបន្ថែមទៀត មាន៖១-ឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ២.ឈ្មោះពៅ សីហា ហៅ គីរី ភេទប្រុសអាយុ ២៤ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងនោះដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន១២កូនថង់, ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន ៤៨គ្រាប់, កូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន, ឧបករណ៍សម្រាប់ច្រកថ្នាំញៀន០១, ទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងនោះសរុបមានកាំបិតចម្រុះសំរាប់ធ្វើឃាតមនុស្សមានចំនួន៨ដើម។ ចំណែកជនសង្ស័យចំនួន០៤នាក់ ក៏ត្រូវបានសត្ថកិច្ច តាមឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរ។
ក្រោយពីធ្វើកំណត់ហេតុហើយកំលាំងនគរបាលជំនាញគ្រឿងញៀនបានបញ្ជូន យុវជនជាជនសង្ស័យមានចំនួន ៧នាក់ទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់៕
ដោយ៖ ជ្រោយពេជ្រ