ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១ នេះ ទឹកស្ទឹងពោធិ៍សាត់បានជន់ឡើងខ្លាំងហួសចំណុចប្រកាសអាសន្ន ប៉ុន្តែមិនទាន់បង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនៅឡើយទេ ។
ស្ថានភាពបែបនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៍បានដឹកនាំកម្លាំង ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងក្រុងពោធិ៍សាត់ ដើម្បីមានវិធានការគ្រប់គ្រងសភាពការណ៍ ប្រសិនបើទឹកនៅតែបន្តជន់ថែមទៀតនោះ ។
ក្នុងនោះលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការសង្គេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា មានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញពីរបីយប់មកហើយ ធ្វើឲ្យស្ទឹងចំនួន០៣គឺស្ទឹងអារ៉ៃ ស្ទឹ្ងងព្រៃខ្លុង និងស្ទឹងធំ នាំទឹកហូរចាក់មកលើដងស្ទឹងពោធិ៍សាត់ បង្កជាជំនន់ទឹកភ្លៀងលិចក្រុងពោធិ៍សាត់និងស្រុកកណ្ដៀងដែលនៅផ្នែកខាងក្រោម។ លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្តទៀតថា នៅព្រឹកថ្ងៃទី១៦នេះកម្ពស់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ ឡើងដល់ ៥,៩ម គឺហួសចំណុចប្រកាសអាសន្ន ប៉ុន្តែទឹកនៅស្រុកភ្នំក្រវាញបានចាប់ផ្ដើមស្រកវិញបន្តិចហើយ។ បើយើងបើកឲ្យចេញបែកវាល វានឹងលិចស្រូវប្រជាកសិករដែលកំពុងទុំតាមស្រែ ដូច្នេះយើងឲ្យជន់តែក្នុងស្ទឹងពោធិ៍សាត់សិនចុះ លុះត្រាតែទប់លែងជាប់ទើបយើងបញ្ចេញឲ្យបែកវាល។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភខ្លាំងណាស់អំពីបញ្ហាទឹកជំនន់នេះ ដូច្នេះខេត្តដែលមានស្ទឹងធ្លាប់ជន់លិចរាល់ឆ្នាំ អភិបាលខេត្តនីមួយៗត្រូវតែត្រៀមលក្ខណៈឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ទល់ និងជួយសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា បើតាមការពិនិត្យជាក់ស្ដែងនិងសេចក្ដីរាយការណ៍របស់លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយម គឺថាទឹកនៅប៉ែកខាងលើបានស្រកបន្តិចវិញហើយ ហើយកំពុងចាល់មកប៉ែកខាងក្រោម។ បើពុំមានភ្លៀងធ្លាក់ទៀតទេក្នុងរយៈពេលពី០៥ទៅ០៦ម៉ោង ទឹកស្ទឹងពោធិ៍សាត់នឹងស្រកទៅវិញហើយ។ ទោះបីទឹកស្រកបន្តិចមែនប៉ុន្តែនៅតំបន់ជួរភ្នំក្រវាញមេឃនៅតែងងឹត អាចនឹងមានភ្លៀងធ្លាក់ បង្កជាទឹកជំនន់ទៀតក៍ថាបាន។ ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ទោះយ៉ាងណាខេត្តបានត្រៀមលក្ខណៈរួចជាស្រេចនូវវិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីទប់ទល់នឹងជំនន់ទឹកភ្លៀងនេះ។ ជាមួយគ្នានេះឯកឧត្តមបានបួងសួងដល់ឧកញ៉ាឃ្លាំងមឿងជំទាវខាន់ខៀវ ជួយបញ្ចៀសកុំឲ្យមានទឹកជំនន់ និងសូមឲ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។
បន្ទាប់មកក្នុងថ្ងៃដដែលនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងលោកជំទាវ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ផ្ទះព្រៃ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ និងបោះឆ្នោតសភាជាតិនៅឆ្នាំ២០២៣ បំពេញកាតព្វកិច្ចជាពលរដ្ឋរស់ក្នុងសង្គមកម្ពុជាផងដែរ៕
ដោយៈ បុឹម ពិន