ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ហ៊ុន ម៉ានី បានបង្ហាះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លូននៅរសៀលថ្ងៃពុធទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖ សមាជិកសមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស កំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងប្រារព្វឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឆ្នាំទី៤៣ នៃបេសកកម្មរបស់ស.ស.យ.ក. សមាជិក សមាជិកា របស់យើងគ្រប់ៗរូបនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ “ស្មារតី២ធ្នូ” ជាពិសេសគឺស្មារតីនៃការលះបង់របស់សមាជិក សមាជិកាម្នាក់ៗ ក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។
មហាក្រុមគ្រួសារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទាំងអស់គ្នា ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយប្តេជ្ញាបន្តថែរក្សា ការពារសុខសន្តិភាព ដើម្បីការរីកចម្រើន និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ ។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “ខ្ញុំមានមោទនភាពដែលបានក្លាយជាសមាជិកម្នាក់នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា “#AProudUYFCer #UYFC #UYFC43 #ស្មារតី២ធ្នូ៕
ដោយ៖សហការី