រកឃើញប្រទេសនៅអឺរ៉ុប១០ក្រុមមានកៅអីទៅលេង World Cup នៅប្រទេសកាតាឆ្នាំក្រោយ ខណៈរកឃើញ១២ក្រុមទៀតត្រូវប្រកួត Play-off

ចែករំលែក៖

ការប្រកួតវគ្គជម្រុះតាមពូល World Cup 2022 នៅតំបន់អឺរ៉ុបបានបញ្ចប់ហើយ ដោយបានរកឃើញក្រុមឈរលេខ១ក្នុងពូលរៀងៗខ្លួនបានកក់កៅអីទៅកាន់ប្រទេសកាតាឆ្នាំក្រោយដោយស្វ័យប្រវត្តិ។ ចំណែកក្រុមដែលឈរចំណាត់ថ្នាក់លេខ២ក្នុងពូលនីមួយៗចាំបាច់ត្រូវប្រកួតវគ្គជម្រុះ Play-off បន្តទៀតដើម្បីរកក្រុមដែលឈ្នះឡើងទៅកាន់ការប្រកួត World Cup នៅប្រទេសកាតាដែរ។

សម្រាប់ក្រុមទាំង១០នៅតំបន់អឺរ៉ុបដែលមានឈ្មោះឡើងទៅលេងនៅឆ្នាំក្រោយដែលកាតាជាម្ចាស់ផ្ទះមានក្រុមខ្លាំងៗដូចជា ក្រុមជម្រើសជាតិស៊ែប៊ី(ឈរលេខ១ក្នុងពូលA), ក្រុមជម្រើសជាតិអេស្ប៉ាញ (ឈរលេខ១ក្នុងពូលB), ក្រុមជម្រើសជាតិស្វ៊ីស (ឈរលេខ១ក្នុងពូលC), ក្រុមជម្រើសជាតិបារាំង (ឈរលេខ១ក្នុងពូលD), ក្រមជម្រើសជាតិបែលហ្ស៊ិក (ឈរលេខ១ក្នុងពូលE), ក្រុមជម្រើសជាតិដាណឺម៉ាក (ឈរលេខ១ក្នុងពូលF), ក្រុមជម្រើសជាតិហុល្លង់ (ឈរលេខ១ក្នុងពូលG), ក្រុមជម្រើសជាតិក្រូអាត (ឈរលេខ១ក្នុងពូលH), ក្រុមជម្រើសជាតិអង់គ្លេស (ឈរលេខ១ក្នុងពូលI) និងក្រុមជម្រើសជាតិអាល្លឺម៉ង់ (ឈរលេខ១ក្នុងពូលJ)។

ចំណែកក្រុមនៅតំបន់អឺរ៉ុបឈរចំណាត់ថ្នាក់លេខ២ក្នុងពូលនីមួយៗដែលត្រូវប្រកួតវគ្គ Play-off មាន១២ក្រុម មានដូចជា ៖ព័រទុយហ្គាល់, ស៊ុយអែត, អុីតាលី, អ៊ុយក្រែន, វែល, ស្កុតឡេន, ទួរគី, រុស្ស៊ី, ប៉ូឡូញ, អូទ្រីស, សាធារណរដ្ឋឆេក និងម៉ាសេដូនៀខាងជើង។ ក្នុងនោះមាន២ប្រទេសដែលធ្លាប់ឈ្នះជើងឯកអឺរ៉ុបគឺព័រទុយហ្គាល់ និងអុីតាលី ប៉ុន្តែក្រុមទាំង២បែរជាមិនជាប់ដោយស្វ័យប្រវត្តិទៅវិញ ដោយសារតែភ្លាត់ស្នៀតចាញ់គូប្រកួត។

ជាមួយគ្នានោះមានកីឡាករលេចធ្លោ២រូបដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួតវគ្គជម្រុះនៅតំបន់អឺរ៉ុបនេះគឺខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ Memphis Depay ដែលកំពុងលេងឲ្យក្លិប Barcelona រកបាន១២គ្រាប់ និងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane លេងឲ្យក្រុម Tottenham រកបាន១២គ្រាប់ដូចគ្នា។

សូមបញ្ជាក់ថា ការប្រកួត World Cup 2022 នឹងធ្វើឡើងនៅប្រទេសកាតាជាម្ចាស់ផ្ទះដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ កាលពីការប្រកួត World Cup 2018 ប្រទេសបារាំងគឺជាម្ចាស់ជើងឯកខណៈដែលក្រុមជម្រើសជាតិក្រូអាតគឺជាជើងឯករង ៕

  

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print