ភ្នំពេញ : នៅថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូក្រសួង អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Raffles Le Royal។
ជាកិច្ចចាប់ផ្តើមនៃជំនួប លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល អូស្ត្រាលីដែលបានផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនៅកម្ពុជាឱ្យមានការរីកចម្រើន។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីអូស្ត្រាលីពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្តង់ដាបច្ចេកទេសសាងសង់ផ្លូវនិងស្ពានរបស់ប្រទេសអូស្ត្រាលី(P4i) ដើម្បីឱ្យស្របតាមការរីក ចម្រើនផ្នែកបច្ចេកវិទ្យា និងប្រែប្រួលអាកាសធាតុ និងបានបញ្ជាក់ថាកម្ពុជា៖ បានអនុវត្តតាមស្តង់ដានេះ អស់រយៈពេលជាង១០ឆ្នាំកន្លងទៅហើយ។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើផងដែរឱ្យភាគីអូស្ត្រាលីជួយរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងទឹកកខ្វក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ដូចជាជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់ទូទាំង ប្រទេស ដោយហេតុថាកំណើនប្រជាជន និងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំងដែលធ្វើឱ្យ ទឹកកខ្វក់ត្រូវបានបង្ហូរចេញទៅសមុទ្រដោយផ្ទាល់ ឬគ្មានការចម្រោះមុនបង្ហូរចូលសមុទ្រ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីអូស្ត្រាលីពិនិត្យលទ្ធភាពលើការជួយគាំទ្រដល់ការ បណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីពង្រឹងសមត្ថភាពវិស្វករ កម្ពុជាឱ្យមានសមត្ថភាពអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការរៀបចំគោល នយោបាយសម្រាប់ការដឹកជញ្ជូនបៃតង និងបានគូសបញ្ជាក់ពីតួនាទីចម្បងនៃវិស័យឯកជនក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់សម្រាប់គាំទ្រដល់ការដឹកជញ្ជូនបៃតង ហើយក្រសួងនឹងខិតខំ ប្រឹងប្រែងពន្លឿន និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីកាន់តែទូលំ ទូលាយ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងផងដែរថា៖ កម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ ទាក់ទងនឹង គម្រោងស្ថាបនាកំពង់ផែនៅស្រុកដងទង់ ខេត្តកោះកុង ដោយប្រើប្រាស់ថវិកាជាតិ កំពង់ផែខេត្តកំពតនិង ខេត្តកែប គម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗពីពីរគន្លងទៅបួនគន្លង ពីកៅស៊ូពីរ ស្រទាប់ស្តើង(DBST)ទៅបេតុងកៅស៊ូ(AC) ដើម្បីឱ្យសមស្របនឹងកំណើនសេដ្ឋកិច្ច និងកំណើនដឹក ជញ្ជូន។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានធ្វើការកត់សម្គាល់សំណើទាំងឡាយ ដែលបាន លើកឡើងដោយលោកទេសរដ្ឋមន្ត្រី និងសន្យាឆ្លើយតបប្រកបដោយវិជ្ជមាន។ បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនលើការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា៕
ដោយ, សិលា