ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងដែរបានដួលរលំនិងរបើកដំបូលដោយសារករណីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ តែសំណាងដែរដែលមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិកក់ ភូមិទួលអំពិល និងភូមិអង្គ្រង ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ។
យោងតាមអាជ្ញាធរស្រុកបានឱ្យដឹងថា មានករណីគ្រោះធម្មជាតិខ្យល់កន្រ្តាក់បោកបក់ធ្វើឱ្យរលំផ្ទះ និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០៦ខ្នង នៅចំណុចភូមិកក់ ភូមិទួលអំពិល និងភូមិអង្គ្រង ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាបដែលក្នុងនោះមាន៖
ទី១-ផ្ទះឈ្មោះ គង់ លីណេ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ ឃុំស្វាយរំពារ ផ្ទះទំហំ៥ម៉ែត្រគុណនឹង១៣ម៉ែត្រ ធ្វើអំពីថ្ម ប៉ើងដំបូលសង្ក័សីចំនួន០៤សន្លឹក និងខូចខាតសម្ភារមួយចំនួន។
ទី២-ផ្ទះឈ្មោះ អ៊ុយ មាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ ឃុំស្វាយរំពារ ផ្ទះទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ត្រូវដើមច្រេសរលំសង្តត់ពីលើធ្វើឱ្យផ្ទះខូចខាតទាំងស្រុង រួមជាមួយនឹងសម្ភារមួយចំនួន។
៣-ផ្ទះឈ្មោះ រស់ ពិន ភេទស្រី អាយុ៧២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ ឃុំស្វាយរំពារ ផ្ទះទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងស័ង្កសីបសនប៉ើងដំបូលជណ្តើរ១ផ្ទាំងនិងខូចខាតសម្ភារមួយចំនួន។
៤-ផ្ទះឈ្មោះ អ៊ុយ បែង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ ឃុំស្វាយរំពារ ផ្ទះទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារត្រូវដើមប្រេងខ្យល់ដួលសង្កត់លើធ្វើឱ្យបែកក្បឿងប្រហែល៦០សន្លឹក និងខូចខាតសម្ភារមួយចំនួន។
៥-ផ្ទះឈ្មោះ ម៉ី សារ៉េត ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមេភូមិ រស់នៅភូមិទួលអំពិល ឃុំស្វាយរំពារ ផ្ទះទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងស័ង្កសីត្រូវដើមចាមរីរលំសង្កត់លើបែកក្បឿងប្រហែល៤០សន្លឹក និងខូចខាតសម្ភារមួយចំនួន។
ទី៦-ផ្ទះឈ្មោះ កែវ មាន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្រ្គង ឃុំស្វាយរំពារ ផ្ទះទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ជញ្ជាំងស្លឹកត្នោត ដំបូលប្រក់ស័ង្កសី រលំទាំងស្រុង និងខូចខាតសម្ភារមួយចំនួន។
ប្រភពបន្តថា ករណីនេះមិនបណ្ដាលឱ្យមនុស្សនិងសត្វរងគ្រោះថ្នាក់នោះទេ។ ប៉ុន្តែអាជ្ញាធរបានអំពាវនាវឱ្យបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ពេលមានសភាពការណ៍មិនស្រួលសូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា៕
ដោយ៖ យឹម សុថាន