ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាម ទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅ ថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ដើម្បីអបអរព្រះរាជពិធីបុណ្យនេះ សូមលើកយកនូវប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មកផ្សាយជូន ប្រិយមិត្តបានស្វែងយល់។ ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានដក ស្រង់ចេញពី សៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំ បុណ្យជាតិ អន្តរជាតិ។

ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែល មានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាម សិលាចារឹក នៃប្រាសាទអង្គរ។

បុណ្យអុំទូកនេះ មានការបកស្រាយ ប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។

ក៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធ សាសនបណ្ឌិត្យ ពីដើមមានចែងថា៖ នៅក្នុងសម័យ អង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តី សុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ សេ្តចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម

ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំង គ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និង បន្ទាយឆ្មារ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើន មហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបង យ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។

ខ៖ ឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀម ទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជា ក្រោម មានចែងថា៖ សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារ ជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្ដេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារ ស្រុកមានដូចខាងក្រោមនេះ៖

ទាហានជើងទឹក ចែកជា៣ក្រុម៖

-ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមាន ទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។

-ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរ ដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។

-ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូក ប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់ កងទ័ព ។

របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្ដេចក្រាញ់កម្ពុជា ក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្ដម្ភ» ដែលមាននៅ ក្នុងឱវាទស្និទ្ធិភូបាល ស្ដេចក្រាញ់គ្រប់ជំពូក ដែលមាន បញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហាន ទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាម កន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះមានទីប្រជុំទឹក គ្រប់ខេត្ត ទៅមកបានស្រួល។

តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជា ប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និងមានពិធី ហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀង រហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជា ធ្វើពិធីនេះ រៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធ ក្នុង សម័យបុរាណនេះឯង។

គ៖ ឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ របស់ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែល នឹងបុណ្យប្រចាំ រដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះ មានប្រវត្តិជាប់ទាក់ទង យ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ ព្រះពុទ្ធ ជាម្ចាស់ ប៉ុន្តែការបកស្រាយមួយ ដែលអាចយក

ជាការគ្រប់គ្រាន់ គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និង ព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាល ភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យ កករល្អក់»។

ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹង ទំនៀមទម្លាប់ នៃព្រហ្មញ្ញសាសនា ហើយស្រប នឹង ស្ថានភាពភូមិសាស្រ្តជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាកសិករយើង។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្ត ទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួ រទាំងឡាយក្លាយ ទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏ បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំ ហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោច ស្រពបឹង បួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរ ហូរត្រឡប់ តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។

ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរ មាន ប្រភពមកពីប្រទេសចិនដ៏សែន ឆ្ងាយបានផ្តល់នូវ ជីវភាព ស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបាន ដោយសារទឹកជំនន់ ទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដី មានជីជាតិ បង្កបាននូវធនធានសម្បូរបែប នៅក្នុង ប្រទេសកម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើត ចង្វាក់នៃទឹកស្រុក បានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវ គ្រោះទុក្ស និងផ្តល់នូវសុភមង្គល។

ដូច្នេះហើយបានជាដល់ រដូវទឹកស្រកបុរាណ ខ្មែរយើង

កំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំ ពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បី សម្ដែងមនោសញ្ចេតនា ដឹងគុណទន្លេមេគង្គ និង ទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់បម្រើវិស័យ កសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែង តែប្រារព្ធ ក្នុងរយៈ ពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប។

ប្រភពពិធីបណ្តែតប្រទីប

ក/៖ គម្ពីទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវ ទាំង៤ នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖

-ទី១៖ នៅត្រៃត្រឹង្សសួគ៌

-ទី២៖ នៅភពនាគ

-ទី៣៖ នៅស្រុកគន្ធ

-ទី៤៖ នៅទន្តបុរៈកលិង្គរដ្ឋ

ខ/៖ ភាណវារៈបាលី ត្រង់ពុទ្ធនមស្ការគាថា មានចែងថាស្នាម ព្រះបាទ ព្រះសាម្មាសាម្ពុទ្ធប្រតិស្ថាន នៅទីតាំង៥គឺ៖

-ទី១៖ នៅសុវណ្ណមាលិបរពត

-ទី២៖ នៅសុវណ្ណបរពត

-ទី៣៖ នៅសុមនកូដបរពិត

-ទី៤៖ នៅយោនកបុរី

-ទី៥៖ នៅស្ទឹងនម្មទា

គ៖ ពាក្យសសើរព្រះបាទ «យស្សបាទ» ទាំងបាលី ទាំង

ស្រមោល មានចែងថាព្រះបាទសម្មាសម្ពុទ្ធប្រតិស្ថាននៅទី ទាំង៥ ដូចនៅក្នុងភាណរៈដែរ។

ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធ បរិស័ទខេមរជាតិ តែងធ្វើពិធីបណ្តែតប្រទីប នៅយប់ពេញ បូរមីខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្តែត ប្រទីប នៅយប់ ១៤-១៥កើត និង១រោជ ខែកត្តិក បូជា ចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបានទៅស្ទឹងនម្មទា និងនៅទីឯទៀតដូចជាពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខ ចំរើនរុងរឿងដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។

ប្រភពនៃពិធីសំពះព្រះខែ អកអំបុក

តាមគម្ពីរបរមត្ថទីបនី អដ្ធកថា ចរិយាបិដក ភាសាបាលី មានចែងថា ក្នុងដើមីភទ្ទបក្បនេះ ព្រះបរមពោធិសត្វន យើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជា ទន្សាយ»។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិ ដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះ ឥន្ទ្រទ្រង់ជ្រាបហេតុការណ៍នោះក៏ទ្រង់ ក្រឡាខ្លួន ជា ព្រាហ្មណ៍ចាស់មកសុំ សសបណ្ឌិតជាអាហារ សសបណ្ឌិត ពោធិសត្វ បានឲ្យព្រានចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយ ក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏ រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វល្អិត ដែលជាប់នៅនិងរោម ជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។ អស្ចារ្យ ណាស់ភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទ ព្រាហ្មណ៏បានស្ទុះ ទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយ ពោធិសត្វ ដែលខ្ញុំគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។

ដោយអនុភាពទាន បរមត្ថបារមីនៃព្រះពោធិសត្វផង និង សេចក្តីអធិដ្ឋាន របស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញ ប្រាកដ ក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។

ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញ បូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែយើងយកចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក៕

           

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print