លោក​ ស​ សុខា​ អញ្ជើញ​ចូល​រួម​ពិធីសម្ពោធសមិទ្ធផលនានាក្នុងសាកលវិទ្យាល័យជាតិមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នៅព្រឹកមិញនេះ​ លោករួមជាមួយភរិយា និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ,លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមជាគណៈអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវវិថី លោក ស សុខា និងលោកស្រី​ កែ សួនសុភី និងសមិទ្ធផលនានា ក្នុងសាកលវិទ្យាល័យជាតិមានជ័យ ។

សមិទ្ធផលនានាដែលដាក់សម្ពោធនាឱកាសនោះរួមមាន៖ វិថី លោក ស សុខា និងលោកស្រី​ កែ សួនសុភី ធ្វើពីបេតុង មានប្រវែង ១៨១,៣ម៉ែត្រ ទទឹង ១២ម៉ែត្រ, ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦០ម៉ែត្រ ទទឹម ៦ម៉ែត្រ, តារាងបាល់ទាត់ស្តង់ដា, សាលប្រជុំធំ, ដំបូលបណ្ណាល័យ, បុស្បុកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត, អាងហែលទឹក, សួនសាមគ្គី, បង្គោលភ្លើងសឡា, របងថ្មអគារអន្តេវាសិកដ្ឋាននារី, ស្រះចិញ្ចឹមត្រី, ខ្លោងទ្វារ និងស្លាកឈ្មោះ ដែលចំណាយអស់ថវិកាសរុប ចំនួន ២៦៧ ៨៦៣(ពីរសែនប្រាំមួយម៉ឺនបីពាន់ប្រាំបីរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក) ។

សមិទ្ធផលទាំងនេះ កសាង និងជួសជុលឡើងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនសោភ័ណភាព និងបំពេញតម្រូវការរបស់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សា និងមានបំណងចូលសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ ដែលជាសាកលវិទ្យាល័យរដ្ឋតែមួយគត់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។

ទន្ទឹមនោះដែរ សាកលវិទ្យាល័យជាតិមានជ័យ ក៏បាននិងកំពុងបន្តកសាង ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត កែទម្រង់កម្មវិធីសិក្សា គុណភាពសិក្សា ផ្លាស់ប្តូរបទពិសោធន៍សិក្សាជាមួយសាកលវិទ្យាល័យដៃគូ ទាំងក្នុង និងក្រៅប្រទេស អភិវឌ្ឍសមត្ថភាពរបស់និស្សិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print