ភ្នំពេញ, នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ស្ថានភាព ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ពិតមែនតែមានការថមថយខ្លះក៏ពិតមែន ប៉ុន្តែមិនទាន់បានបញ្ចប់នៅ ឡើយទេ។ បើទោះបីជាមិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប៉ុន្តែក្នុងអំឡុង ពេលមានការឈប់សម្រាកសម្រាប់ព្រះរាជពិធីនេះ ឃើញថាបងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងតែមានកម្មវិធីដើរកំសាន្ត ជួប ជុំ និងចូលរួមក្នុងពិធីបុណ្យនានាមួយចំនួន។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ជូនដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ * ៣ការពារ ( ពាក់ម៉ាស់ លាងដៃ ឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) – ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២០មក ដោយចូលរួមទាំងអស់គ្នាឱ្យក្លាយទៅជាការអនុវត្តជាក់ស្ដែងពិតប្រាកដបន្ថែមទៀត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដែលអនុញ្ញាត ឱ្យយើងទាំងអស់គ្នា អាចបន្តអាជីវកម្ម និងប្រកបការងារលើគ្រប់វិស័យទាំងអស់ ជាពិសេសប្រជាពលរដ្ឋអាចប្រកបរបររក ស៊ីទទួលទានចិញ្ចឹមជីវិតឡើងវិញប្រកបដោយសុវត្ថិភាព និងមាននិរន្តន៍ភាព នៅក្នុងបរិបទរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ តាមបែបរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី។
លើសពីនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជាយើង បានឈានចូលជាបណ្តើរៗ ដល់ពេលវេលាដែលអាកាសធាតុ ត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់ ដូច្នេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងអាចចៀសផុត ពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព និងការបង្ការសុខភាពសំខាន់ៗ មានដូចខាងក្រោមនេះ៖
១-ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែ ធ្នូ ដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជាជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្គ្រីបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និង រលាកក្រពះពោះវៀនដោយពពួកវីរុស ឬការឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ជាយថាហេតុជាដើម ដែល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោកបានជួបប្រទះរួចទៅហើយ។ ខាងក្រោមនេះ គឺជាវិធានការសាមញ្ញ មួយចំនួន ដែលលោកអ្នកអាចអនុវត្តដើម្បីថែរក្សាខ្លួនអ្នក និងក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ជរា ទារក និងកុមារ៖
ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួន
ប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។ ចូរស្វែងរកការព្យាបាលវេជ្ជសាស្ត្រ នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬសង្ស័យថាជាជំងឺកូវីដ-១៩ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែល មិនបានរៀបរាប់នៅក្នុងសេចក្តីណែនាំនេះបានអស់។
ចូរចងចាំថា សូមធ្វើដំណើរតែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថាលោក អ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យាផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានសភាព ស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថ ប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ហាឡើយ។
ពេលលោកអ្នក ក្អក ឬ កណ្ដាសសូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមយកដៃអាវខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ដោយមិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទៅខ្ទប់ មាត់នោះទេ។
លាងសម្អាត ដៃ របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬអាកុល ឬជែលលាងដៃ ហើយចៀស វាងយកដៃលោកអ្នកទៅប៉ះពាល់ផ្ទៃមុខ ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាង សម្អាតដៃទេនោះ។
បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឲ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធពេក និងត្រូវអនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ។
២. ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្ស ហើយមនុស្សចាស់ សរីរាង្គពិបាកទប់ទល់ជាមួយអាកាសធាតុត្រជាក់ផង ដែរ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពី អ្នកថែទាំពួកគេ។ ដូច្នេះ ចំណុចខាងក្រោមនេះ អាចជាជំនួយក្នុងការយល់ដឹងសម្រាប់កិច្ចការពារពួកគេ
→ ទារកអាយុតិចជាងមួយឆ្នាំ មិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅ និង ដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្ដៅសម្រាប់ខ្លួនប្រាណ ពួកគេ ក៏ដូចជានៅក្នុងបន្ទប់របស់ទារក។
មនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច ឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះ មនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារត ការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូង ជាដើម។
– កុមារតូចៗ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុ ត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរ ឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយទៅវិញ។
→ កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅ ក្នុងពេលមានអាកាស ធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈ ដៃ ក្បាល និងជើង។
— ពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹង ភាពត្រជាក់៕
ដោយ, សិលា