រយៈពេល៣ថ្ងៃ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៧នាក់ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការរយៈពេល៣ថ្ងៃ​ ជនសង្ស័យចំនួន០៧នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ​ រុឹម​ មិច​ នាយការិយាល័យប្រឆាំងគ្រឿងញៀន​ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។

ប្រភពដដែលបន្តថា​ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦:១៥នាទី បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ វង្សកុសល ដោយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើការសាកសួរយកចម្លើយជនសង្ស័យ។ លុះនៅវេលាម៉ោង១៩:៥០នាទី ថ្ងៃខែឆ្នាំដដែលផ្អែកលើចម្លើយរបស់ជនសង្ស័យ កម្លាំងបានបន្តចុះធ្វើការឆែកឆេរបន្ទប់ជួលមុខសញ្ញាជួញដូរម្នាក់ទៀតឈ្មោះ យី ណារ៉េត នៅចំណុចបន្ទប់ជួលលេខ៨C ផ្លូវលេខ៩០៧ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួនចំនួន០៥នាក់ ក្នុងនោះមានស្រី០២នាក់រួមជាមួយវត្ថុតាង។
នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តធ្វើការសាកសួរចម្លើយជនសង្ស័យម្នាក់នេះទៀត។ លុះដល់វេលាម៉ោង២២:០៥នាទី កម្លាំងបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចម្តុំវត្តទួលសង្កែ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រួមជាមួយនឹងវត្ថុតាង។
វត្ថុតាងចាប់យក៖
១- ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿងជារបស់ឈ្មោះសុខ វង្សកុសល។
២- ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ទូរស័ព្ទដៃចំនួន០៤គ្រឿង, ដាវដែក ចំនួន០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១ ជារបស់ឈ្មោះ យី ណារ៉េត។
៣- ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ធំល្មម, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង ជារបស់ឈ្មោះ ហ៊ូ លីហេង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print