តាមការប្រកាសរបស់ក្រសួងទេសចរណ៍ហ្វីលីពីន នៅថ្ងៃទី១៩ខែវិច្ឆិកា បានបញ្ជាក់ថា ហ្វីលីពីនកំពុងតែត្រៀមលក្ខណៈ បើកទ្វារព្រំដែនសម្រាប់អ្នកទេសចរមកពីតំបន់ខៀវ និងអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស។ តាមគម្រោងមានប្រទេសចំនូនជាង ៤០ ក្នុងនោះរួមមានទាំងចិនផងដែរ អាចចូលមកកាន់ប្រទេសដីកោះមួយនេះបាន។ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគណៈរដ្ឋមន្ត្រីហ្វីលីពីន លោក Karlo Nograles បានប្រាប់ឱ្យដឹងទៀតថា រដ្ឋាភិបាលកំពុងតែពិភាក្សាអំពីការរៀបចំ សេចក្តីសម្រេចចុងក្រោយ ក្នុងនោះរួមមានទាំងការកំណត់កាលបរិច្ឆេទច្បាស់លាស់ នៃការបើកទ្វារប្រទេសឡើងវិញផងដែរ។ លោក Nograles បានសង្កត់ធ្ងន់ថា ការបើកទ្វារទទួលភ្ញៀវទេសចរបរទេស មកពីបណ្តាប្រទេសដែលមានសុវត្ថិភាព គឺជាផ្នែកមួយនៃការចាប់ផ្តើមផែនការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ហ្វីលីពីន។ លោកស្រី Romulo-Puyat រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានលើកឡើងនៅថ្ងៃ១៩ខែវិច្ឆិកា នេះថា ហ្វីលីពីននឹងបើកទ្វារសម្រាប់ «ប្រទេសស្ថិតនៅក្នុងតំបន់ខៀវ» (ជាប្រទេសមានហានិភ័យទាបពីជំងឺ COVID-19)។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «មិត្តជិតខាង (អាស៊ាន) របស់យើងដូចជា ថៃ វៀតណាម និងកម្ពុជា បានធ្វើបែបនេះរួចទៅហើយ។ យើងជឿជាក់ថា វាដល់ពេលហើយដែលយើងត្រូវបើកព្រំដែនដើម្បីស្វាគមន៍អ្នកទេសចរ នៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញយ៉ាងពេញលេញ»។ ប្រទេសហ្វីលីពីនដែលមានប្រជាជនសរុបជាង១១០លាននាក់ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបជាង ២,៨០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤៦,០០០នាក់ និងជាសះស្បើយវិញ ២.៧៥លាននាក់៕ ដោយសាធី
រូបថត៖CNN.