ភ្នំពេញ៖ ជារៀងរាលថ្ងៃការកកស្ទះចរាចរណ៍នៅត្រង់ចំណុចផ្សារដេប៉ូគេឃើញថាមានកកស្ទះជារៀងរាល់ពេល ខណៈដែលទីតាំងផ្សារខាងលើនេះបានយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងផ្ញើកង់ម៉ូតូនិងចតរថយន្ត ពាស់ពេញផ្លូវបង្កឲ្យមានការកកស្ទះ ចំណែកឯលោកប្រធានផ្សារគិតតែប្រមូលប្រាក់ដាក់ហោប៉ៅខ្លួនឯងមិនខ្វល់ពីប្រជាពលរដ្ឋដែលធ្វើដំណើរទាំងនោះទេ។
ទីតាំងផ្សារដេប៉ូខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវ២១៥ កែងផ្លូវតេផន សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទូលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ធ្វើដំណើរកាត់មុខផ្សារដេប៉ូឃើញថាមានសភាពកកស្ទះជារៀងរាល់ម៉ោងរាល់ពេល ដោយសារតែចិញ្ចើមផ្លូវនៅបរិវេណផ្សារដេប៉ូត្រូវបានប្រធានផ្សារដាក់ផ្ញើកង់ម៉ូតូ រថយន្តពេញផ្លូវទើបបង្កឲ្យមានការកកស្ទះទាំងនេះ ហើយសូម្បីតែប្រជាពលរដ្ឋដែលដើរថ្មើរជើងក៏រកកន្លែងដើរមិនចង់រួចផង។
ជាចុងក្រោយប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោកឲ្យចុះត្រួតពិនិត្យទីតាំងផ្សារដេប៉ូនេះកុំឲ្យយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិខ្លួនឯងបែបនេះ៕
ដោយ៖ ស ដារ៉ា