ខេត្តរតនគិរី៖ មន្ត្រីរាជការនៅរតនគិរីបានសហការគ្នាសំអាតអានាម័យនិងតុបតែងលម្អបំភ្លឺភ្លើងគ្រប់ពណ៌ដើម្បីត្រៀមខ្លួនចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ មន្ត្រីមន្ទីរជុំវិញខេត្តរតនគិរី និងមន្ត្រីសាលាខេត្តរតនគិរីបានសហការគ្នាដើម្បីបោះសំអាតធ្វើអនាម័យនៅទីរួមខេត្តប្រយោជន៍ចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិចង្ក្រានឆ្នាំថ្មីទទួលទេវតាឆ្នាំវកដែលឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ។
នៅក្នុងឱកាសចុះសំអាតអនាម័យនេះដែរលោក មួង មករា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសំអាតអនាម័យនៅតាមលំនៅដ្ឋានរបស់ខ្លួនផងដែរ ដើម្បីទទួលពរជ័យសេរីសួស្តីឆ្នាំថ្មីដែលជិតចូលមកដល់នាពេលខាងមុខនេះ។
ដោយឡែកលោក អ៊ុក សំអុល អភិបាលក្រុងបាលុងបានឲ្យដឹងថា មុនចូលឆ្នាំប្រពៃណីខ្មែរដែលនិងចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមអាជ្ញាធរក្រុងលោកបានរៀបចំរួចហើយនៅកម្លាំងបញ្ជាការឯកភាពទាំង៣ដើម្បីចុះពង្រឹងការពារសន្តិសុខតាមរម្មនីយដ្ឋាននានា និងតាមផ្ទះសំណាក់។ ក្នុងនោះនៅតាមផ្លូវសាធារណៈក៏ត្រូវដាក់ពង្រាយកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជួនភ្ញៀវជាតិនិងអន្តរជាតិដែលចូលមកកំសាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅក្នុងខេត្តរតនគិរីនេះផងដែរ៕
ដោយ៖ រុទ្ធឦសាន