ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា រៀម ច័ន្ទបរមីបានរៀបចំពិធីខួបកំណើតគម្រប់វ័យ២៦ឆ្នាំរបស់ខ្លួន កាលពីរាត្រីថ្ងៃទី៧ ខែមេសានេះ ជាមួយនឹងវត្តមានភ្ញៀវជាអ្នកសិល្បៈមួយចំនួននៅភោជនីយដ្ឋានវីហ្វ្រេន។ អ្វីដែលគេចាប់អារម្មណ៍នោះគឺនាងទទួលបានចិញ្ចៀនពេជ្រមួយវង់ពីបុរសដែលជាគូស្នេហ៍។
ក្រោយប្រឡូកក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំ តារាសម្តែងរៀម ច័ន្ទបរមី មិនដែលធ្លាយចំណងស្នេហ៍ក្រៅឆាកនោះទេ ទើបតែក្នុងថ្ងៃខួបកំណើតនាងបានបង្ហាញរូបថតចិញ្ចៀនពេជ្រមួយវង់ដែលទទួលបានពីគូស្មេហ៍។ តារាស្រីរូបនេះបញ្ជាក់ថា កម្មវិធីខួបកំណើតរបស់នាងមិនមានគម្រោងទុកយូរនោះទេទើបមិនមានសិល្បករច្រើនត្រូវបានអញ្ជើញទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះដោយមានការជួយជំរុញលើកទឹកចិត្តពីគូស្មេហ៍របស់នាង។ ទោះជាយ៉ាងណាងនេះមិនមែនជាលើកទី១ទេដែលនាងរៀបចំកម្មវិធីខួបកំណើតនោះ។ នាងសារភាពថានាងពិតជាទទួលបានកាដូពិសេសមួយពីគូស្នេហ៍គឺចិញ្ចៀនពេជ្រមួយវងដែលនាងបញ្ជាក់ថាមានតម្លៃត្រឹមពាន់ដុល្លារប៉ុណ្ណោះ។ នាងបន្តថា អ្វីដែលមានតម្លៃជាងចិញ្ចៀននោះគឺការផ្តល់ក្តីស្រលាញ់ពីគូស្នេហ៍ ដែលមិនអាចកាត់ថ្លៃបាន។ នាងបញ្ជាក់ថា បុរសដែលចូលមកថែរក្សាបេះដូងនាងនៅពេលនេះឈ្មោះវុធ វ័យ អាយុ៣១ឆ្នាំជាអ្នកបម្រើការងារក្នុងក្រុមហ៊ុនមួយផ្នែករចនា។ នាងបញ្ជាក់ថា ការស្គាល់គ្នាទើបនឹងមានឡើងរយៈពេលកន្លះឆ្នាំនេះប៉ុណ្ណោះហើយអ្វីដែលនាងដាក់ចិត្តស្រលាញ់បុរសនេះវិញព្រោះតែការយកចិត្តទុកដាក់ចំពោះនាង ស្រលាញ់និងយល់ពីអាជីពជាអ្នកសិល្បៈរបស់នាង។
នាងបញ្ជាក់ដែរថា ក្រុមគ្រួសារទាំងសងខាងនៅមិនទាន់បានដឹងអំពីទំនាក់ទំនងស្នេហានេះនៅឡើយ ហើយនាងនិងបុរសនោះក៏នៅមិនទាន់មានគម្រោងចូលរោងការនោះដែរ ។ បរមីនិយាយថា នាងចង់ចំណាយពេលច្រើនជាងនេះទៀតដើម្បីសិក្សាស្វែងយល់ចិត្តគ្នាសិន ហើយអ្វីដែលនាងចង់បានគឺការស្វែងយល់ចិត្តគ្នាឲ្យបានស៊ីជម្រៅដើម្បីប្រាកដថា ក្រោយរៀបការនឹងមិនមានអ្វីធ្ងន់ធ្ងរដល់ចំណងស្នេហាមួយនេះ។
គួរបញ្ជាក់ដែរថារៀម ច័ន្ទបរមី បានប្រឡូកសិល្បៈចាប់តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ដោយនាងទទួលបានការគាំទ្រច្រើនជាមួយនឹងការសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តខ្លីបែបអប់រំ។ ថ្មីនេះនាងទើបនឹងបញ្ចប់ការថតខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយចំនួនផងដែរ ហើយនាងនឹងបន្តការថតខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយទូរទ្សន៍CTV8HD រឿង ”វាសនាកូនភ្លោះ” ផងដែរ៕
ដោយ៖ វឌ្ឍនា