ខេត្តកំពង់ធំ៖ បុរសម្នាក់បានជិះរថយន្តពីភ្នំពេញទៅលេងបងប្អូននៅឯស្រុកកំណើតដោយមាន អាកាសធាតុក្តៅខ្លាំងបានចុះហែលទឹកព្រែកជីក សង្ស័យរមួលក្រពើបណ្តាលឲ្យលង់ស្លាប់តែម្តង។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមសាច់ញាតិរងគ្រោះឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ឈ្មោះ នឿន ដារ៉ា អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកទីដើរលេងនៅក្នុងភូមិហើយទំនងបែកញើសព្រោះអាកាសធាតុក្ដៅខ្លាំងក៏ចុះហែលទឹកព្រែកជីកហើយសង្ស័យរមួលក្រពើហែលទៅមុខមិនរួចថយក្រោយមិនកើតក៏លង់តែម្តង។ ភ្លាមៗនោះពេលដែលអ្នកភូមិបានឃើញក៏នាំគ្នាចុះទៅស្រង់មកលើគោកដើម្បីធ្វើចលនាតែយឺតពេលទៅហើយ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកលំនៅដ្ឋានដើម្បីចាត់ចែងរៀបចំធ្វើបុណ្យ៕
ដោយ៖ ប៊ុន រិទ្ធី