ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ បានឱ្យដឹងថា​ លោកឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ សមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អភិបាលខេត្តត្បូងឃ្មុំ ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត និងប្រធានមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។

សូមជម្រាបថា​ អគារទី២នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលចាប់ផ្តើមសាងសង់នៅថ្ងៃនេះ មានទទឹង១៨ម៉ែត្រ បណ្តោយ៦២ម៉ែត្រ កម្ពស់៤ជាន់ មានទំហំដូចគ្នានឹងអគារទី១ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និងសម្រេចលទ្ធផលសាងសង់បានប្រមាណ៩០%។

អគារមន្ទីរពេទ្យទាំង២នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងតំបន់ជុំវិញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print