ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ៣ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១ នេះ ទាំងការគ្រប់គ្រងសំអាតដឹកជញ្ជូនសំរាមនិងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ មានលក្ខណៈល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ហើយអ្នកទៅដើរលេងកំសាន្តនៅក្នុងពិធីនេះក៏មានចំនួនរាប់ម៉ឺននាក់ផងដែរ។
លោកសំ សាមុត ប្រធាន អង្គភាព សួនច្បារ និង រុក្ខជាតិ នៃមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងជាអ្នកដឹកនាំដឹកនាំលើប្រតិបត្តិការលើប្រមូលនិងដឹកជញ្ជូនសំរាម នៅក្នុងព្រះរាជពិធីអុំទូកនេះផងដែរនោះ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា សម្រាប់៤ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក ពោលគឺចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២១ខែវិច្ឆិកានេះ ក្រុមការងាររបស់មន្ទីរសាធា រណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងក្រុមហ៊ុនឯកជន បានធ្វើការប្រមូលសំរាមបានយ៉ាងល្អប្រសើរ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
លោកសំ សាមុតបានបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់វេនគ្នា ដើម្បីប្រមូល សំអាតនិងដឹកជញ្ជូនសំរាមចេញពីកន្លែងប្រារព្ធពិធី ជាប្រចាំក្នុងរយៈពេល៤ថ្ងៃនេះ ដោយអនុវត្តការងាររាល់ថ្ងៃ ចាប់ពីម៉ោង២និង០០នាទីទៀបភ្លឺរហូតទៅដល់ម៉ោង៧ព្រឹក គឺសំរាមត្រូវតែស្អាតនៅតាមទីតាំងសំខាន់ៗ ក៏ដូចជានៅតាមទីសាធារណៈនានាជុំវិញទីតាំងប្រារព្វពិធីនេះ ដូចជាចាប់ពីវត្តភ្នំរហូតទៅដល់វិមានឯករាជ្យ មុខវត្តបទុម សួនច្បារសម្ដេចតេជោ ទីស្ដីការគណៈរដ្ឋមន្ត្រីនិងនៅDN ក្រសួងការពារជាតិជាដើម ។
លោកបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលដឹកនាំការងារដោយលោកផ្ទាល់ បានអនុវត្តការងារដោយការប្ដូរវេនគ្នា២៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកក្រុមហ៊ុនឯកជនបានប្រើប្រាស់កម្លាំងប្រមាណ៦០នាក់ក្នុងមួយថ្ងៃផងដែរ ដោយប្រមូលសម្រាមនៅត្រើយខាងកើតទន្លេ ។ ការសហការគ្នាល្អនេះហើយ ទើបព្រឹត្តិការណ៍នៃការបុណ្យអុំទូកឆ្នាំនេះ ការប្រមូលនិងការសំអាតសំរាមនៅទីកន្លែងសាធារណៈ ដូចជានៅទីតាំងសំខាន់ៗមួយចំនួនឃើញថា បានល្អប្រសើរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងផងដែរថា៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១ នេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋមានការអនុវត្តវិធានការការពារខ្លួនបានយ៉ាងល្អ ដែលជាសញ្ញាណវិជ្ជមាននៃការបើកសេដ្ឋកិច្ចជាតិឡើងវិញ ហើយនេះបានបង្ហាញកាន់តែច្បាស់នូវភាពជោគជ័យរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលបានយកឈ្នះជំងឺរាលត្បាតជាសកលកូវីដ-១៩។
មូលដ្ឋាននៃភាពជោគជ័យនេះ គឺការសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនគ្រប់រូប បានជឿជាក់អនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើមបំផុតរបស់កម្ពុជាយើង។
មន្ត្រីដដែលបានទៀតញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នេះ សម្រាប់រាជធានីមានបងប្អូនប្រជាពលរដ្ឋមកដើរលែងកំសាន្តនៅរាជធានីភ្នំពេញប្រមាណជាង១០ម៉ឺននាក់ ដោយក្នុងនោះថ្ងៃទី១ មានប្រមាណ៥ម៉ឺននាក់ ថ្ងៃទី២ ប្រមាណ៧ម៉ឺននាក់និងថ្ងៃទី៣ ប្រមាណ៥ម៉ឺននាក់៕. សំរិត