អង់គ្លេសបានអញ្ជើញបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសមីយ៉ាន់ម៉ាទៅចូលរួមកិច្ចប្រជុំ G7 នៅទីក្រុងលីវើភូល ក្នុងពេលដែលមានក្តីព្រួយបារម្ភពីការប្រកួតប្រជែងអាវុធបរមាណូនៅក្នុងតំបន់។
សារព័ត៌មាន Guardian បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ដែលបានឱ្យដឹងថា «ខ្ញុំចង់បង្កើនបណ្តាញសេរីនៅលើពិភពលោក ដើម្បីជំរុញប្រជាធិបតេយ្យ ។ ទន្ទឹមនឹងនោះ យើងនឹងលើកទឹកចិត្តដល់ប្រទេសដែលមានចក្ខុវិស័យដូចគ្នា បង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម។
ប្រទេសតែមួយគត់ដែលស្ថិតនៅតំបន់អាស៊ានដែលមិនបានអញ្ជើញចូលរួមគឺប្រទេសមីយ៉ាន់ម៉ា។ ជំនួសវិញអង់គ្លេសបានអញ្ចើញតំណាងដែលមិនមែនជាសមាជិករដ្ឋាភិបាលយោធាទៅចូលរួមកិច្ចប្រជុំ។កិច្ចប្រជុំ G7 នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២១។
កន្លងមកអាស៊ានក៏បានប្រកាស អញ្ជើញតំណាងដែលមិនមែនជាអ្នកនយោបាយនៅក្នុងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិនដែរ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកការពង្រីកកិច្ចប្រជុំ G7 មកកាន់ប្រទេសតំបន់អាស៊ានគឺក្នុងគោលដៅស្វែងរកការគាំទ្រពីប្រទេសក្នុងតំបន់ទៅលើសន្ធិសញ្ញា AUKUS ក៏ដូចជាការស្វែងរកការគាំទ្រពីប្រទេសក្នុងតំបន់អាស៊ាន ដើម្បីទប់ស្កាត់ឥទ្ធិពលចិន៕ ដោយ៖សាធី
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ស្រី Liz Truss ។ រូបថត៖ រ៉យទ័រ
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing ចូលរួមសន្និសីទទីក្រុងម៉ូស្គូលើកទី 9 ស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ ប្រទេសរុស្សី ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2021។ រូបថត៖ Alexander Zemlianichenko