ភ្នំពេញ : នៅក្នុងកិច្ចប្រជុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចិនចំពោះការសម្រេចបាននូវគោលដៅ៖ អភិវឌ្ឍន៍ជាតិរបស់ខ្លួន ក្នុងការកសាងសង្គមមួយប្រកបដោយវិបុលភាពក្នុងកម្រិតមធ្យ និងវឌ្ឍនភាព ប្រកបដោយស្ថិរភាព ឆ្ពោះទៅរកគោលដៅសតវត្សរ៍ទីពីររបស់ខ្លួន។ សម្តេចតេជោក៏បានថ្លែងផងដែរ អំពីគុណដល់ចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុង តំបន់ និងពិភពលោកទាំងមូល។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល របស់ លោកប្រធានាធិបតី ស៊ី ជីនពីង ព្រោះថា គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាការគាំទ្រដ៏សំខាន់ មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច-សង្គម ក្រោយពីជំងឺកូវីដ-១៩ និង ការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ សម្តេចតេជោ បានសម្តែងក្តីសង្ឃឹមថា គំនិតផ្ដួចផ្ដើមនេះនឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។
ចំពោះវិស័យសេដ្ឋកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ចិន ឱ្យគាំទ្រដល់ការចាប់ ផ្ដើមឡើងវិញនៃការធ្វើដំណើររវាងអាស៊ាន និងចិន ដើម្បីពង្រឹង និងលើកកម្ពស់វិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្ដី ថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការបន្សំគ្នារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ សម្តេចតេជោ បានលើកទឹកចិត្តដល់ ភាគីទាំងពីរ អាស៊ាននិងចិន ឱ្យព្យាយាមទាញយកផលប្រយោជន៍ជាអតិបរមាពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងនាំមកនូវវិបុលភាព រួម ស្របតាមចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ២០៣០។
ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការថែរក្សាប្រព័ន្ធពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោះស្រាយរាល់ បញ្ហាប្រឈមរួមនៅក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី ឈរលើស្មារតីជឿជាក់ និងទំនុកចិត្ត រវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រផងដែរចំពោះគំនិតផ្តួចផ្តើមដើម្បី អបអរសាទរខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដ ភាគីនៅសមុទ្រចិនខាងត្បូង (DOC) នៅឆ្នាំ២០២២៕
ដោយ, សុខ ខេមរា