ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់នៅខេត្តបាត់ដំបង ត្រូវតុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ បានសម្រេចឃុំខ្លួនមន្ដ្រីយោធាចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។
មន្ត្រីយោធា៧នាក់ ដែលបានចាប់ឃាត់ខ្លួនរួមមាន៖
១/៖ ឈ្មោះ អូន ពិសិដ្ឋ ឋានៈជាឧត្តមសេនីយ៍ត្រី បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃ ក្រសួងការពារជាតិ
២/៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង
ទី/៣៖ ជាមន្ត្រីយោធាធម្មតា រួមជាមួយមនុស្ស៤នាក់ផ្សេងទៀត មិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយ។

សូមបញ្ជាក់ថា, ជនសង្ស័យទាំងអស់មានសរុបចំនួន៧នាក់ ដែលមានការពាក់ព័ន្ធ ក្នុងនោះបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដំបូងចំនួន៣នាក់ ហើយមកក្រោយចំនួន៤នាក់ ប៉ុន្ដែបន្ទាប់ពីបញ្ចប់ការសួរនាំ បានសម្រេចឃុំខ្លួនចំនួន៤នាក់ ខណៈ៣នាក់ផ្សេងទៀតកំពុងបន្ដសួរនាំនៅឡើយ។ នេះបើយោងតាមការបញ្ជាក់ពី លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ ។

បើកាលពីម្សិលមិញ លោក ប្លង់ សុផល អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ រួចចេញដីកាសន្និដ្ឋានបញ្ជូនទៅចៅក្រមស៊ើបសួរ ពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។

បើយោងតាមលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា, មន្រ្តីយោធាទាំងអស់៧នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នាយឧត្តមសេនីយ៍បន្តថា, មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ឃាត់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ឃាត់ខ្លួននៅលង្វែក ខេត្តកំពង់ឆ្នាំង និងបន្តតាមចាប់បានជាបន្តបន្ទាប់ទៀត។

សូមរម្លឹកថា, កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម។
ពាក់ព័ន្ធករណីនេះ កម្លាំងយោធភូមិភាគទី៥ បានធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត។ ទីបំផុត ! លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ បានសម្រេចឃុំខ្លួនមន្ដ្រីយោធាចំនួន៤នាក់ ក្នុងចំណោម៧នាក់ ។ នៅសល់៣នាក់កំពុងបន្តនីតិវិធីធ្វើការសាកសួរ៕

...


ដោយ : (រ៉ារ៉ា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print