ក្នុងពេលនេះដែរប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបមានគម្រោងអនុវត្តវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលបង្កឱ្យមានបាតុកម្មប្រឆាំងជាច្រើនកើតឡើង។ ក្នុងពេលនេះដែររដ្ឋាភិបាលអាមេរិក មិនមានគម្រោងរឹតត្បិត ឬបិទប្រទេសនោះឡើយ។ លោក Jeff Zients មន្ត្រីសេតវិមាន ទទួលបន្ទុកទប់ស្កាត់ការឆ្លងកូវីដ-១៩បានបញ្ជាក់ថានឹងមិនមានការបិទប្រទេសជាថ្មីក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ទៀតឡើយ។ ប៉ុន្តែអាមេរិកនៅតែបន្តរក្សាការពាក់ម៉ាស់ដើម្បីទប់ស្កាតការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងតំបន់ដែលមានហានិភ័យឆ្លងខ្ពស់ដដែល។ ពាក់ព័ន្ធការឆ្លងកូវីដ-១៩នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៤,១៥៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៥១៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ ៤៨,៧៤៨,៥៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៤,៨៦៤នាក់ និងជាសះស្បើយឡើងសរុប៣៨.៦៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង៣៣២លាននាក់។ មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក (CDC) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា អត្រាឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់១៨% នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ជាមួយនឹងចំនួនអ្នកឆ្លងជាមធ្យមជាង៩២,០០០នាក់ក្នុងមួយថ្ងៃ ខណៈអត្រាស្លាប់វិញក៏មានកម្រិតខ្ពស់ផងដែរ។ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៣លានដូស ក្នុងនោះប្រជាជន ២៣០.៧២លាននាក់ (៧០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣៦លាននាក់ (១០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយសាធី
រូបថត៖THX/TTXVN.