គេរាយការណ៍ថា ក្រុមហ៊ុនរបស់លោកសៅ សុធា កំពុងធ្វើអាជីវកម្មជីករណ្តៅដីជ្រៅៗក្នុងភូមិសាស្ត្រជាយក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងបង្កឲ្យមានហានិភ័យខ្ពស់សម្រាប់លំនៅឋាន ក៏ដូចជាដីភូមិ ស្រែចំការរបស់ប្រជាពលរដ្ឋ ។ ក្រៅពីនោះ រថយន្តដឹកដី ធ្លាក់រប៉ាត់រប៉ាយ ធ្វើឲ្យបាត់បង់សោភណ្ឌភាព និងសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈ ។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរមិនហ៊ានក្អកជាមួយក្រុមហ៊ុននេះទេ ។
គេរាយការណ៍ថា ក្រុមហ៊ុននេះបានដឹកអាចម៍ដីលើសចំណុះមិនបានគ្របតង់ឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស បណ្តាលឲ្យអាចម៍ដីធ្លាក់ពេញផ្លូវ បង្កជាធូលីហុយសំពោង ពេលដែលមានអាកាសធាតុក្តៅហួតហែង ។ ករណីនេះ ត្រូវបានប្រជាពលរដ្ឋនិយាយថា ជាទង្វើផ្គើនទៅនឹងបទបញ្ជាក្រសួងមហាផ្ទៃ និងក្រសួងរ៉ែ និងថាមពល ។ ទាំងការជីករណ្តៅដីជ្រៅៗ ទាំងការដឹកជញ្ជូន សុទ្ធតែខុសទៅនឹងច្បាប់ដែលបានកំណត់ ។ ប៉ុន្តែ អាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងតាខ្មៅក៏ដូចជាខេត្តកណ្តាល មិនបានយកចិត្តទុកដាក់ចំពោះបញ្ហានេះឡើយ ។ មិនបានយកចិត្តទុកដាក់ ក៏ព្រោះតែបានលាភសក្ការៈពីថៅកែរណ្តៅដីនេះ ។
ដោយ៖ សហការី