ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ដាច់ជេីងទាំង២បន្ទាប់ពីត្រូវបុរសម្នាក់ដែលសង្ស័យថាស្រវឹងស្រាខ្លាំងបានបេីករថយន្តកាមរីហាយប៊្រីដរួមដំណេីរជាមួយបុរសម្នាក់ទៀតក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកជនរងគ្រោះជាអ្នកជិះម៉ូតូយ៉ាងពេញទំហឹង ហេីយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តស៊េរីទំនេីបចំនួនបីគ្រឿងទៀតដែលចតចោលនៅខាងមុខហាងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងជេីងភ្លើងស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ-9563 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V-7374 បេីកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយ បើកតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនសង្ស័យអ្នកបើកស្ថិតក្នុងស្ថានភាពស្រវឹងបានបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរដាច់ជេីងទាំងសងខាង ។ ចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅខាងស្តាំដៃបន្តបុករថយន្តស៊េរីទំនេីបចំនួនបីគ្រឿងទៀតដោយមួយគ្រឿងម៉ាកឡិចស៊ីសRX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN-9868 រថយន្តឡិចស៊ីសLX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BM-7272 និងរថយន្តម៉ាកBMW ពណ៌ស ពាក់ស្លាកលេខកម្ពុជា MM 2828 ដែលចតនៅខាងមុខហាងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅទុករង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ