ទីបំផុត ! លោក ជាម យៀប ត្រូវសភាជ្រើសតាំងជា អនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋសភាបានសម្រេចបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ឡើងធ្វើជាអនុប្រធានទី១នៃរដ្ឋសភា ក្នុង សម័យប្រជុំពេញអង្គសភាលើកទី៦ នីតិកាលទី៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកត្រូវបានជ្រើសតាំងមកជំនួសតំណែងលោក ងួន ញិល ដែលបានទទួលមរណភាពកាលពីថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

លោក ជាម យៀប កើតនៅឆ្នាំ១៩៤៦ ក្នុងភូមិព្រែកចាម ឃុំបន្ទិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង លោកជា សាស្ត្រាចារ្យក្នុងសម័យសង្គមរាស្រ្តនិយម និងបានបញ្ចប់ ការសិក្សាបណ្ឌិតសភាយោធាក្នុងសម័យសាធារណរដ្ឋខ្មែរ ហើយក្លាយជាមេបញ្ជាការទ័ពរថក្រោះ និងរថពាសដែក មួយផងដែរក្នុងសម័យសាធារណរដ្ឋខ្មែរ។ ក្រោយ ការដួលរលំនៃរបបខ្មែរក្រហមលោកត្រូវបានសាធារណរដ្ឋ ប្រជាមានិតកម្ពុជាតែងតាំងជាអភិបាលខេត្តព្រៃវែង មុន នឹងក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅឆ្នាំ១៩៨៨ និង ជាសមាជិកសភាក្នុងឆ្នាំ១៩៩៣រហូតមកដល់ពេល បច្ចុប្បន្ន។
លោកបញ្ចប់ថ្នាក់បណ្ឌិតច្បាប់ពីសកលវិទ្យាល័យនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៤។ លោកអាចនិយាយ បាន៤ភាសាគឺខ្មែរ បារាំង អង់គ្លេស និងវៀតណាម។
សូមបញ្ជាក់ថា : សម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន៧ គឺ៖
១- ការសម្រេចសុពលភាពនៃអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។
២- ការបោះឆ្នោតជ្រើសតាំង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។
៣- ការបោះឆ្នោតជ្រើសតាំង៖
– លោក ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា
– លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
៤- ការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ចំនួន ៣រូប សម្រាប់បន្តអាណត្តិថ្មី ៥(ប្រាំ)ឆ្នាំ៖
– លោកស្រី សោម គីមសួគ៌ ជាអគ្គសវនករ
– លោក សួន សិទ្ធី ជាអគ្គសវនកររង
– លោក អ៊ុក សារាវុធ ជាអគ្គសវនកររង
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
៧- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕

...


ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print