ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា១០គ្រួសារ ជនពិការ១០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី១ ។
សូមបញ្ជាក់ថា, នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានលេីកឡេីងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ម៉ាស២០ អាល់កុល១ដប និងថវិកាចំនួន២មុឺនរៀល ៕