អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមរួចរាល់ ក្នុងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ !

ចែករំលែក៖

ខេត្តសៀមរាប : បើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប
សូមគោរពរាយការណ៍ ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្នុងស្ថានភាពថ្មីនៅកម្ពុជា អត្រាភាគរយខ្ពស់នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ ដែលអាចនិយាយបានថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយការដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញពីក្រៅប្រទេស នេះគឺជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ !

អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាបបានបន្តថា, នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្តិភាព SOP ដើម្បីទទួលភ្ញៀវទេសចរវាក់សាំងពេញលេញនោះ លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបង្ហាញនៅក្នុងកិច្ចសម្ភាសន៍ ក្រោយកិច្ចប្រជុំនោះថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ ទទួលភ្ញៀវទេសចរវាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាសៀមរាប-អង្គរ។ កិច្ចប្រជុំនេះវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឲ្យតម្លៃលើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកិត្តិយសរបស់ជាតិ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបផ្ទាល់តែម្តង ក្រោមការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រតិភូប្រតិបត្តិករព្រលានយន្តហោះ តំណាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល មន្រ្តីក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
ការពិភាក្សារបស់កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើនីតិវិធីប្រតិបត្តិ ធានាការពារប្រកបដោយប្រសិទ្ធភាព ការឆ្លង-ការចម្លងជម្ងឺកូវីដ-១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមក រវាងរដ្ឋមន្រ្តីទាំង២ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។ ក្នុងនោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្ត PCR ៧២ម៉ោងមុនមកដល់គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ។ កិច្ចប្រជុំនោះ ក៏បានបង្ហាញឲ្យឃើញផងដែរ អំពីតួនាទីយ៉ាងសំខាន់របស់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ រួមមានក្រុមការងារចត្តាឡីស័ក និងក្រុមជំនាញប្រតិបត្តិការតេស្តរហ័ស។

ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ( លោក ប៊ុន រដ្ឋា ) លើកឡើងថា កម្ពុជា គឺជាប្រទេសបានបើកប្រទេសឡើងវិញ ក្រោមមោទនភាព នៃការផ្តល់វាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រឹតភាគរយខ្ពស់ដែលពិភពលោកទទួលស្គាល់។ ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ។
នៅក្នុងបទសម្ភាសន៍ លោក បានបង្ហើបឲ្យដឹងថា កម្ពុជាបានកំណត់ក្នុងបញ្ជីសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក មកកាន់កម្ពុជាដោយមិនចាំបាច់តម្រូវឲ្យមានវីហ្សានោះឡើយ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលនេះគឺជាគោលនយោបាយបើកចំហរជើងមេឃរបស់កម្ពុជា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print