សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) បានអញ្ជើញថ្លៃងការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ASEP11 ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​ លើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០២១នេះ​ តាមប្រព័ន្ធវីដេអូ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា​ ទោះស្ថិតនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប​ លើកទី១១ បានធ្វើឡើងតាមប្រព័ន្ធនិម្មិត ជាលើកដំបូងរបស់ASEPនោះ ទទួលបានជោគជ័យ និងមានលទ្ធផលគួរជាទីមោទន ដោយមានប្រទេសសមាជិក ASEM ចំនួន ៣១ប្រទេស មកពីទ្វីបទាំងពីរ សរុបប្រតិភូប្រមាណជាង ១៧០នាក់ រួមមានប្រធាន អនុប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP បានចូលរួម។ 

សហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំASEP11មានការចូលរួមសម្តែងមតិជាច្រើន បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងសារសំខាន់នៃតួនាទីរបស់សមាជិកសភា ក្នុងដំណើរការASEM ។ 

តាមរយៈការពិភាក្សាដោយស្មារតីសាមគ្គី ASEP11 ទទួលបាននូវមតិជាឯកច្ឆ័ន្ទ ដោយបានអនុម័តលើសេចក្តីប្រកាស ចំនួន៣៨ចំនុច ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់ ព្រមទាំងផ្តល់ជាសំណើគោលនយោបាយ ដើម្បីពិចារណាឈានទៅដោះស្រាយបញ្ហាទាំងនោះ ដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បន្តថា ASEP11បានបង្ហាញអំពីតម្លៃនៃសុខសន្តិភាព ច្បាប់អន្តរជាតិ ពហុភាគីនិយម ព្រមទាំងយន្តការបង្ការជម្លោះ ដែលជាវិធីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ និងជម្លោះផ្សេងៗ និងបានបញ្ជាក់ផងដែរ អំពីតួនាទីរបស់សមាជិកសភា ក្នុងការសម្របសម្រួលកិច្ចពិភាក្សា និងលើកកម្ពស់ការជឿជាក់គ្នា និងការយល់គ្នាទៅវិញទៅមក។ 

សូមជម្រាបថា​ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥​ និង២៦វិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត៕

ដោយ: សិលា

...





ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print