ភ្នំពេញ : កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសនិ្តភាព រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង ៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» នឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះ ផងដែរ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន :
១) ASEM ក្នុងគម្រប់ខួប ២៥ ឆ្នាំ៖ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅនាពេលអនាគត
២) ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល
៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់
៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន
៥) ការតភ្ជាប់ ៦) ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ ។
ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឡើងវិញ ដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿន ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀត ថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មក សេរី និងតាមបែបស្ថាបនា ពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។
ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាព អនាគតស្តីពីការតភ្ជាប់ ASEM។
ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ៕
ប្រភព: (ទទក)